ខេត្តរតនគិរី ៖ ប្រភពពីប្រជាពលរដ្ឋក្នុងក្រុងបានលុង ខេត្តរតនគិរី បានឲ្យដឹងថា សង្វៀនបញ្ជល់មាន់ ក៏ដូចជាវង់អាប៉ោង និងយូគី ទ្រង់ទ្រាយធំនៅចំណុចចម្ការកៅស៊ូ ភ្នំអូរត្រាវ ក្រុងបានលុង នៅតែដំណើរការយ៉ាងពេញបន្ទុក ព្រោះសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរមិនចាត់វិធានការបង្ក្រាបឡើយ។ ប្រជាពលរដ្ឋបានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី និងលោក ថង សាវុន អភិបាលខេត្តរតនគិរី កំពុងបណ្តោយឲ្យឈ្មោះ ពិន តន បើកល្បែងស៊ីសងខុសច្បាប់នៅចំណុចភ្នំអូរត្រាវ យ៉ាងរលូន។ ប្រភពខ្លះបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពុករលួយទេនោះ គឺឈ្មោះ ពិន តន មិនអាចបើកសង្វៀនបញ្ជល់មាន់វង់អាប៉ោងយូគី នៅចំណុចភ្នំអូរត្រាវ តាមអំពើចិត្តបានទេ។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានអ្នកជិះម៉ូតូរាប់រយគ្រឿង និងជិះរថយន្តទំនើបៗរាប់សិនគ្រឿង ចូលទៅលេងល្បែងបញ្ជល់មាន់អាប៉ោងនិងយូគី នៅចំណុចភ្នំអូរត្រាវ ក្រុងបានលុង យ៉ាងពពាក់ពពូនគ្មានខ្លាចឆ្លងជំងឺកូវីដ-១៩ នោះទេ។ ចំណែក អធិការនគរបាលក្រុងបានលុង ក៏ដូចជាអភិបាលក្រុងបានលុង និងលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បណ្តោយឲ្យឈ្មោះ ពិន តន បើកល្បែងស៊ីសងខុសច្បាប់យ៉ាងសុខស្រួល។ ដូច្នេះហើយទើបប្រជាពលរដ្ឋក្នុងក្រុងបានលុង ខេត្តរតនគិរី អំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងក្រុងបានលុង ប្រកបដោយប្រសិទ្ធភាព។
បើតាមការកត់សម្គាល់របស់ប្រជាពលរដ្ឋក្នុងក្រុងបានលុង ខេត្តរតនគិរី បានឲ្យដឹងថា ចាប់តាំងពីឈ្មោះ ពិន តន បើកសង្វៀនបញ្ជល់មាន់និងវង់អាប៉ោងយូគី នៅចំណុចភ្នំអូរត្រាវ យ៉ាងពេញបន្ទុករួចមក គឺអំពើចោរកម្មនិងបទល្មើសផ្សេងៗកំពុងកើតឡើងគួរឲ្យភ័យខ្លាច។ មានការសង្ស័យថា មន្ត្រីធំៗមួយចំនួនជាពិសេសសមត្ថកិច្ចក្នុងខេត្តរតនគិរី ទទួលផលប្រយោជន៍ពីឈ្មោះ ពិន តន ជាប្រចាំ ទើបបណ្តោយឲ្យបុគ្គលម្នាក់នេះបើកល្បែងស៊ីសងខុសច្បាប់បំផ្លាញសន្តិសុខសង្គមតាមអំពើចិត្ត។ ប្រជាពលរដ្ឋបានលើកឡើងថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលងភាពអសកម្មរបស់លោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី ដែលបណ្តោយឲ្យល្បែងស៊ីសងខុងច្បាប់កើតឡើងយ៉ាងរាលដាលនោះទេ ៕