ខេត្តឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងសហការី បានអញ្ជើញចុះមកពិនិត្យវឌ្ឍនភាពរបស់កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី របស់ក្រុមហ៊ុន Cambodia Amazing Aquaculture Technological Co., Ltd ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
កសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រីលីនេះ បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១៦ ដោយធ្វើការអភិវឌ្ឍជាបណ្តើរៗ មានជីកស្រះច្រើនប្រភេទ (ស្រះចិញ្ចឹមមេ បាពូជ កូន និងបង្កងសាច់) អាងភ្ញាស់ និងហេដ្ឋរចនាសម្ព័ន្ធក្នុងកសិដ្ឋាន។ល។ បច្ចុប្បន្នកំពុងធ្វើការពិសោធន៍ភ្ញាស់ និងចិញ្ចឹមកូនពូជ ឱ្យស្របតាមក្សេត្របរិស្ថាននៅតំបន់នេះ ក្នុងទិសដៅដើម្បីសម្រេចតាមផែនការផលិតកម្ម ផលិតបង្កងសាច់ឱ្យបាន១តោន/ថ្ងៃ និងកើនឡើងជាបន្តបន្ទាប់។
បច្ចុប្បន្នមានកូនពូជប្រមាណ៦០ម៉ឺន ដែលអាចផ្តល់ផលប្រមាណ៥០តោននៅរយៈពេល៦ខែ និងគ្រោងផលិតកូនឱ្យបាន៥-១០លានកូននៅឆ្នាំក្រោយ។ បង្កងប្រភេទនេះមានតម្លៃ ២៥ដុល្លារក្នុង១គីឡូក្រាមនៅកសិដ្ឋាន ឈ្មួញយកទៅលក់បន្តតម្លៃ៣០-៣៥ដុល្លារក្នុង១គីឡូក្រាម។
ផ្ទៃដីដែលបាន និងកំពុងចិញ្ចឹមមានចំនួន ២៥ហិកតា នឹងធ្វើការពង្រីកដល់១០០ហិកតា នៅពេលឆាប់ៗខាងមុខ ដែលក្នុងនោះ ៧០ហិកតា សម្រាប់ផលិតបង្កងសាច់, ៣០ហិកតាសម្រាប់ផលិតមេ បា និងកូនពូជ។ ការចិញ្ចឹមជាលក្ខណ:ធម្មជាតិ (លែងក្នុងស្រះ) ផ្តល់ចំណីផ្សំមានពោត ដំឡូងមី និងសណ្តែកសៀង ដែលជាវត្ថុធាតុដើមផលិតក្នុងស្រុក។
ពិនិត្យឃើញទិដ្ឋភាពជាក់ស្តែង នូវហេដ្ឋារចនាសម្ព័ន្ធកសិដ្ឋាន ផលិតកម្មចិញ្ចឹមបង្កងអូស្រ្តាលី (ពូជបង្កងថ្មី) ប្រកបដោយបច្ចេកវិទ្យាសាមញ្ញ តាមបែបធម្មជាតិ ភាតរបរិស្ថាន កំពុងដំណើរការទៅដោយរលូន និងវិវឌ្ឍន៍រីកចម្រើនជាបណ្តើរៗ លោករដ្ឋមន្រ្តី វេង សាខុន និងលោកអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមវិនិយោគចិញ្ចឹមបង្កងពូជថ្មី ដែលរដ្ឋបាលជលផល បាននិងកំពុងជំរុញ និងលើកទឹកចិត្តឱ្យកសិករចិញ្ចឹម ជាលក្ខណ:គ្រួសារ ព្រោះវាមានលក្ខណ: សាមញ្ញ និងទទួលបានកម្រៃខ្ពស់។
លោកបានសម្តែងការគាំទ្រ ចំពោះផែនការផលិតកម្មនាពេលអនាគត ព្រោះវាពិតជាបានចូលរួមចំណែក បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនចំណូលក្នុងគ្រួសារ និងកាត់បន្ថយភាពក្រីក្រ បង្កើនបរិមាណផ្គត់ផ្គង់ ប្រើប្រាស់សក្តានុពលរបស់ ដីឱ្យអស់លទ្ធភាព ចូលរួមអនុវត្តគោនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម និងជាពិសេសបង្កើតកាលានុវត្តភាព ស្របតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន។
ជាមួយអភិបាលខេត្ត លោកសុំឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកផលិតកម្ម ទៅតំបន់ផ្សេងៗទៀត ដែលមានប្រភពទឹកធម្មជាតិល្អ ព្រោះខេត្តនេះមានលក្ខណ:ធម្មជាតិអំណោយផល ក្នុងការចិញ្ចឹមបង្កងប្រភេទថ្មីនេះ។
លោកបានណែនាំឱ្យក្រុមហ៊ុន គួរតែពង្រីកការភ្ញាស់កូនបង្កង រួចលក់ចែកជូនកសិករ ដើម្បីយកមកចិញ្ចឹម ដោយផ្តល់បច្ចេកទេស ហើយប្រមូលទិញផលបង្កងមកវិញ តាមរយ:ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីពង្រីកទីផ្សារនាពេលអនាគត។ រដ្ឋបាលជល ផល និងសកលវិទ្យាល័យភូមិន្ទកសិកម្ម គួរបញ្ជូនមន្រ្តី និងនិស្សិតយកសិក្សា ដកស្រង់បទពិសោធន៍ បច្ចេកទេស ដើម្បីផ្សព្វផ្សាយផលិតកម្មបង្កងនេះ ឱ្យបានទូលំទូលាយទូទាំងប្រទេស ៕