មន្រ្ដីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានគូសបញ្ជាក់ថា សម្រាប់ ឆ្នាំ២០២០នេះ បុណ្យវិសាខបូជាមិនត្រូវបានអនុញ្ញាតឱ្យប្រារព្ធធ្វើនៅភ្នំព្រះរាជទ្រព្យនោះទេ(ភ្នំឧត្តុង្គ)

រាជធានីភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានគូសបញ្ជាក់ថា សម្រាប់ ឆ្នាំ២០២០នេះ បុ​​​ណ្យវិសាខបូជាមិនត្រូវបានអនុញ្ញាតឱ្យប្រារព្ធធ្វើនៅភ្នំព្រះរាជទ្រព្យនោះទេ​(ភ្នំឧត្តុង្គ) ប៉ុន្ដែគ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវបា​ន​អនុញ្ញាតឱ្យធ្វើដូចរៀងរាល់ឆ្នាំ នៅតាម​អង្គ​ភាពរបស់ខ្លួនដដែល។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ឈិន កេតនា អ​​​នុ​ប្រធានអចិន្រៃ្តយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្នុង​កិច្ចប្រជុំអន្តរក្រសួង នាព្រឹ​ក​​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅគណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ ។

ឯកឧត្តម ឈិន កេតនា បានថ្លែងថា ក្នុងឆ្នាំ២០២០នេះ បុណ្យវិសាខបូជា នឹង​ត្រូវ​​ប្រារព្ធ​ធ្វើរយៈពេលពីរថ្ងៃ គឺត្រូវនឹងថ្ងៃ​ទី​០​៦​-០​៧​ ខែឧសភា ឆ្នាំ២០២០ ហើយអនុញ្ញតឱ្យ​ធ្វើ​នៅគ្រប់ក្រសួង ស្ថាប័ន និងនៅតាមទីវត្តអារាម ដោយគ្រាន់តែធ្វើការតុបតែងលម្អ​ដោ​យ​ទង់​ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងបដាពាក្យស្លោកនៅតាមក្រសួង ស្ថាប័នទាំង​នោះ ឱ្យបានសមរម្យដូចរាល់ឆ្នាំ​។​ ឯកឧត្ដមបានអះអាងថា ប៉ុន្ដែចំពោះការរៀបចំធំ នៅភ្នំ​ព្រះរាជ​ទ្រព្យ (ភ្នំឧត្ដង្គ) ដែលស្ថិតក្នុងស្រុកញញាឮ គឺមិនអនុញ្ញតឱ្យធ្វើ​នោះឡើយ​សម្រាប់​ឆ្នាំនេះ ដោយ​ហេតុថាយើងកំពុងរួមគ្នាទប់ស្កាត់ការរីករាលដាល់ នៃជំងឺកូវីដ-១៩ នៅក្នុងប្រទេស​របស់យើ​ង​។

ឯកឧត្តមអគ្គលេខាធិការក៏បានលើកឡើងពីការត្រៀមរៀបចំ ព្រះរាជ​ពិធីបុណ្យចម្រើន​ព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះប​រ​​មនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ​រាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៦៧យាងចូល ៦៨ព្រះវស្សា ដែលនឹងប្រ​ព្រឹ​​​​​​​​​ត្តទៅនៅ​ថ្ងៃ​ទី១៤ ខែឧសភា ឆ្នាំ២០២០ខាងមុខផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *