ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) បានអះអាងថា គម្រោងការពារទឹកជំនន់នៅរាជធានីភ្នំពេញ នៅក្នុងតំបន់វត្តភ្នំ និងទួលគោក ក្រោមគម្រោងហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលជប៉ុន កំពុងដំណើរការយ៉ាងសស្រាក់សស្រាំ ហើយរំពឹងថា នឹងបញ្ចប់នៅក្នុងឆ្នាំ២០២១ ដែលធ្វើឲ្យរាជធានីភ្នំពេញចាកផុតពីភាពលិចលង់ដោយជំនន់ទឹកភ្លៀង។
ថ្លែងតាមរយៈសារជាវីដេអូនៅចុងសប្តាហ៍នេះ ឯកឧត្តម ឯកអគ្គរាជទូត បានបញ្ជាក់ថា នៅតំបន់វត្តភ្នំក្រុមការងាររបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងសាលារាជធានីភ្នំពេញកំពុងជីកដាក់លូជម្រៅ៧ម៉ែត្រ ហើយគម្រោងការពារទឹកជំនន់នៅតំបន់ទួលគោគក៏កំពុងដំណើរការទៅមុខយ៉ាងល្អប្រសើរ។
ឯកឧត្តម មានប្រសាសន៍ថា គម្រោងការពារទឹកជំនន់នៅតំបន់វត្តភ្នំ និងទួលគោគឥឡូវនេះកំពុងដំណើរការ ហើយ កំពុងបង្កផលវិបាកដល់ប្រជាពលរដ្ឋចំពោះការធ្វើចរាចរដោយសារតែការបិទផ្លូវ ដែលបញ្ហានេះស្ថានទូតជប៉ុនសុំការយោគយល់។ គម្រោងការពារ និងកែលំអប្រព័ន្ធប្រឡាយ លូជំហានទី៤ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល មានទឹកប្រាក់សរុប ប្រមាណ៣៦លានដុល្លារអាមេរិក ត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។
គម្រោងនេះមានទាំងការដាក់បណ្តាញលូមេ សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក និងការតម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៃស្ថានីយ៍បូមទឹក ជាដើម។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្លាប់បានឲ្យដឹងថា គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈJICAនេះមាន៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែងជាង៨គីឡូម៉ែត្រ និងការដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤,៤គីឡូម៉ែត្រ។ ទន្ទឹមគ្នានេះ ក៏មានការសាងសង់អាងស្តុកទឹកក្រោមដីដែលមានលទ្ធភាពស្តុកទឹកបានជាង៦.០០០ម៉ែត្រគូប និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការតម្លើង របាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ផងដែរ៕