ខេត្តតាកែវ ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការបន្តអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបន្តនិងសហការរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយនឹងរាជរដ្ឋាភិបាល កុំឲ្យមានការឆ្លងរីករាលដាលជំងឺដ៏សហាវមួយនេះក្នុងសហគមន៍របស់យើង។
ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋខ្វះខាតចំនួន ៦០គ្រួសារ ដែលមកទទួលអំណោយពីឯកឧត្តមអភិបាលខេត្តតាកែវ នៅបរិវេណវិទ្យាល័យ សុខអានដូងខ្ពស់ ស្រុកបូរីជលសារ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៍បន្តថា ការយល់ដឹង និងរួមគ្នាប្រយុទ្ធប្រឆាំង និងជំងឺកូវីត១៩ សំខាន់បំផុតគឺបងប្អូនប្រជាពលរដ្ឋម្នាក់ៗ ដែលត្រូវតែអនុវត្ត និងស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល និងរួមសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តនូវវិធានអនាម័យ ពិសេសវិធានគម្លាតសុវត្ថិភាព ដោយមិនត្រូវជួបជុំឬប្រមូលផ្តុំមនុស្សច្រើននាក់ឡើយ ធ្វើដូច្នោះគឺយើងនឹងអាចបញ្ចប់ជម្ងឺកូវីដ-១៩នេះបាន។ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា សុវត្ថិភាពសហគមន៍ និងសុវត្ថិភាពសង្គមទាំងមូល ដោយគ្មានកូវីដ-១៩ គឺអាស្រ័យលើបងប្អូនប្រជាពលរដ្ឋនេះតែម្តង ព្រោះប្រសិនបើបងប្អូនចូលរួមអនុវត្ត យ៉ាងម៉ឺងម៉ាត់ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល នោះយើងប្រាកដជាយកឈ្នះកូវីដ-១៩ ហើយយើងក៏ក្លាយជាប្រទេសគំរូលើពិភពលោកដែរ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីត១៩នេះ ឲ្យរលាយបាត់ ។
ឯកឧត្តមអភិបាលខេត្ត បន្តទៀតថា សូមបងប្អូនប្រជាពលរដ្ឋ នៅតែទម្លាប់មានអនាម័យ និងចេះការពារខ្លួនឯង តាមរយៈ ការពាក់ម៉ាស់ ឬមានក្រមា មានទឹកអាគុល ឬជែលនៅជាប់ខ្លួនជានិច្ច ព្រោះវិធានទាំងអស់នេះ សហគមន៍យើងនឹងគ្មានជំងឺកូវីដ-១៩ ហើយប្រទេសកម្ពុជារបស់យើងនឹងយកឈ្នះជំងឺនេះជាក់ជាពុំខាន ។