រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បញ្ជាក់៤ចំណុចសំខាន់ៗ នៃការដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីធ្វើយ៉ាងការពារសុខសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា ។
ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីដាក់ប្រទេសក្នុងគ្រាមានអាសន្នតាក់តែងឡើង មានគោលបំណងកំណត់អំពីបែបបទនីតិវិធីនិងលក្ខខណ្ឌ នៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រមទាំងការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដើម្បីការពារសន្តិសុខជាតិនិងសណ្តាប់ធ្នាប់សាធារណៈ ការការពារអាយុជីវិតនិងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពារទ្រព្យសម្បត្តិ និងបរិស្ថាន។
ថ្លែងក្នុងសិន្និសទីសារព័ត៌មាន ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នៅព្រឹកថ្ងៃទី ២២ ខែ មេសា នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមបន្តថា ៤ចំណុចសំខាន់ៗ ក្នុងការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ ដោយផ្អែកលើបទពិសោធន៌ដែលកើតឡើងនៅពេលបច្ចុប្បន្ន ដែលបណ្តាប្រទេសមួយចំនួនធំកំពុងអនុវត្តន៍ ដើម្បីធ្វើយ៉ាងណាការពារប្រជាពលរដ្ឋរបស់ខ្លួន ។
«កាលៈទេសៈដែលចែងក្នុងសេចក្តីព្រាងច្បាប់គឺមានចំនួន៤ ដែលយើងអាចប្រមីល មើលទុកបាននៅពេលបច្ចុប្បន្ន ហើយផ្អែកលើកបទពិសោធន៍ដែលកើតឡើងនៅប្រទេសដ៏ទៃ និងការអនុវត្តន៍នៅប្រទេសដ៏ទៃ ។ កាលៈទេសៈនេះរួមមាន ទី១គ្រោះថ្នាក់ដែលកើតឡើងចេញពីសង្រ្គាមនិងការឈ្លានពានពីបរទេស ទី២គ្រោះថ្នាក់ដែលប៉ះពាល់ទៅដល់សន្តិសុខជាតិស្ថិតភាពនិងសណ្តាប់ធ្នាប់សារធារណៈ ទី៣គ្រោះថ្នាក់ដែលប៉ះពាល់ទៅដល់អាយុជីវិតនិងសុខភាពរបស់ប្រជាពលរដ្ឋទី៤គ្រោះថ្នាក់ដែលកើតឡើងពីគ្រោះមហន្តរាយធ្ងន់ធ្ងរដែលរីករាលដាលទូទាំងប្រទេស។អញ្ចឹងនៅពេលបច្ចុប្បន្ននេះយើងប្រមីលមើលឃើញកាលៈទេសៈចំនួន៤ ដែលជាកាលៈទេសៈចាំបាច់ហើយជាគ្រោះថ្នាក់សម្រាប់ប្រទេសជាតិដែលត្រូវប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន »។
ឯកឧត្តម ជិន ម៉ាលីន បន្តថា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ននេះមិនត្រឹមតែចែងតែ៤ចំណុចនេះនោះទេគឺច្បាប់នេះធ្វើយ៉ាងណាបើកផ្លូវឲ្យមានការដាក់ប្រទេសក្នុងកាលៈទេសៈដ៏ទៃទៀតដែលនឹកស្មានមិនដល់ ។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបានព្រឹទ្ធសភាអនុម័ត កាលពីថ្ងៃទី១៧ ខែមេសា សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន០៥ជំពូក ១២មាត្រា ៕