រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈផេកហ្វេសបុកផ្លូវការបស់សម្តេច ដោយណែនាំឱ្យឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងឯកឧត្តមអភិបាលខេត្តសៀមរាប ត្រូវផ្អាកការជួបជុំណាដែលមានមនុស្សចាប់២០នាក់ឡើងទៅ ,ផ្អាកការជួបជុំណាដែលមិនចាំបាច់ និង ផ្អាកការរៀបពិធីមង្គលការ ក្នុងរយៈពេល ១៥ ទៅ១៦ថ្ងៃ ដើម្បីធ្វើយ៉ាងណារួមគ្នាបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានេះ។
ការណែនាំឱ្យផ្អាកសកម្មភាពជួបជុំទំាងនេះ ដោយយោងទៅលើតម្រូវការចាំបាច់និង មានសំណូមពរពីក្រសួងសុខាភិបាល ក៏ដូចជាការផ្តល់មតិពីអង្គការសុខភាពពិភពលោក ។
សម្តេចបញ្ជាក់ថា ប្រសិនបើមានរៀបអាពាហ៍ពិពាហ៍ក៏សុំ ខន្តីអភ័យទោស
សុំផ្អាកការរៀបអាពាហ៍ពិពាហ៍គឺក្នុងរយៈពេល១៥ថ្ងៃ បានសេចក្តីថាចាប់ពីថ្ងៃទី១ ទៅដល់ថ្ងៃទី១៥ឬថ្ងៃទី១៦ ហើយសុំអនុវត្តបន្ទាន់រាប់ពីពេលទទួលបទបញ្ជានេះទៅ ។
សម្តេចតេជោ មានបញ្ជាក់ថា បើមានការជួបជុំត្រឹម២០នាក់ចុះក្រោម ក៏ត្រូវតែមានគម្លាតឱ្យឆ្ងាយប្រសិនចៀសមិនបាន ប៉ុន្តែសម្តេចគិតថាបងប្អូនយើងអាចធ្វើបាន ។ ដោយសម្តេចមិនហាមឃាត់ការចេញធ្វើដំណើរទៅខាងក្រៅ ក្នុងការធ្វើដំណើរតាមផ្លូវទេ ក៏ប៉ុន្តែក៏សុំកុំឱ្យមានការកកស្ទះនៅតាមទីកន្លែងភ្លើងសញ្ញានានា កាត់បន្ថយការធ្វើដំណើរចេញក្រៅផ្ទះក្នុងរយៈពេល១៥ថ្ងៃចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ ឬថ្ងៃទី១៦ ប្រសិនបើមិនធ្វើដូច្នេះទេយើងនឹងយឺត ៕