ឯកឧត្តម រិន វីរៈ៖ ដើម្បីវាស់វែងកំណើនសេដ្ឋកិច្ច យើងត្រូវមានស្ថិតិគណនេយ្យជាតិ មួយមានគុណភាពដែលអាចឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្ដសេដ្ឋកិច្ច

ខេត្តកំពង់ចាម ៖ មន្រ្ដីជាន់ខ្ពស់ក្រសួងផែនការបានលើកឡើងថា ប្រព័ន្ធស្ថិតិជាតិមានតួនាទីសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ហើយប្រព័ន្ធស្ថិតិជាតិនេះមានស្ថិតិគន្លិះសំខាន់ៗដូចជា ស្ថិតិគណនេយ្យជាតិ ស្ថិតិជញ្ជីងទូទាត់ ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល ស្ថិតិកសិកម្ម ។ល។ ដែលជាបណ្តុំសូចនាករម៉ាក្រូសេដ្ឋកិច្ច ដែលត្រូវប្រមូល និងចងក្រងប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី ការពង្រឹងប្រព័ន្ធស្ថិតិគណនេយ្យជាតិ នៅថ្នាក់ក្រោមជាតិ កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខេត្តកំពង់ចាម ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការបានគូសបញ្ជាក់ថា ដើម្បីវាស់វែងកំណើនសេដ្ឋកិច្ច យើងត្រូវមានស្ថិតិគណនេយ្យជាតិ មួយមានគុណភាពដែលអាចឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្ដសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលប្រើប្រាស់ជាសូចនាករមូលដ្ឋានសម្រាប់តាមដាន វិភាគ វាយតម្លៃ រៀបចំគោលនយោបាយ និងការសម្រេចចិត្តនានា ក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលសេដ្ឋកិច្ចតំបន់ និងសកល។

ជាមួយគ្នានេះ រាល់គោលនយោបាយ កម្មវិធីរបស់រាជរដ្ឋាភិបាលបានយក GDP ជាគោល ដូចជា ចំណូលពន្ធ ការចំណាយលើប្រាក់បៀវត្សរ៍មន្រ្តីរាជការ ការវិនិយោគសាធារណៈ បំណុលជាតិ ដែលសុទ្ធតែបានប្រៀបធៀបជាមួយ GDP ទាំងអស់។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានបន្ដថា តាមលទ្ធផលនៃការគណនា ស្ថិតិគណនេយ្យជាតិ ឆ្នាំ២០១៩ ផលទុនជាតិសរុបរបស់កម្ពុជាមានជាង ២៧ ពាន់លានដុល្លារអាម៉េរិក ចំណូលសម្រាប់ម្នាក់មាន ១ ៦៩៥ ដុល្លារ សេដ្ឋកិច្ចមានកំណើន ៧.១ភាគរយ ។ ចំពោះថ្នាក់ខេត្ត បច្ចុប្បន្ននាយកដ្ឋានគណនេយ្យជាតិកំពុងបន្តប្រមូល និងចងក្រងទិន្នន័យ GDP តាមបណ្តាខេត្ត ដែលនឹងត្រូវប្រកាសផ្សព្វផ្សាយ នាចុងឆ្នាំ២០២០ នេះ។

ឯកឧត្តមក៏បានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់បទឧទ្ទេសនាម និងបញ្ហប្រឈមនានាដែលខេត្តអាចជួបប្រទះមកពិភាក្សា ជាមួយគ្រូឧទ្ទេសនាមដើម្បីរកដំណោះស្រាយ និងឈានទៅរកការចងក្រងសិ្ថតិគណនេយ្យជាតិថ្នាក់ខេត្តដោយខ្លួនឯង នាពេលអនាគត។

សូមបញ្ជាក់ផងដែរថា ក្នុងសិក្ខាសាលានេះ ក៏មានការចូលរួមពីមន្ទីរផែនការខេត្តចំនួន១២ រួមមានខេត្តព្រះសីហនុ ត្បូងឃ្មុំ កោះកុង ស្វាយរៀង សៀមរាប ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ពោធិ៍សាត់ ព្រះវិហារ និងខេត្តកំពង់ឆ្នាំង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *