លោក ឈឹម កាន អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ដែលទទួលការបំប៉ន សម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៩ ២០២០ នៅវិទ្យាល័យអូររាំង

ខេត្តមណ្ឌលគិរី ៖ លោក ឈឹម កាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំសមាជិក សមាជិកា អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ សរុប ៣២នាក់ ស្រី ២២នាក់ ដែលទទួលការបំប៉ន សម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៩ ២០២០ នៅវិទ្យាល័យអូររាំង ស្ថិតនៅឃុំពូហ្យាម ស្រុកអូររាំង ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក ឈឹម កាន ប្រធាន ស.ស.ក.ខេត្ត បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ក៏ដូចជាថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ដែលជានិច្ចកាលតែងតែគិតគូរ និងយកចិត្តទុកដាក់លើវិស័យអប់រំ ដើម្បីធ្វើយ៉ាងណា ឲ្យមានគុណភាព។ លោក បញ្ជាក់ថា ជារៀងរាល់ឆ្នាំ ស.ស.យ.កខេត្ត តែងតែសហការជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្ត ដើម្បីរៀបចំវគ្គបំប៉ន់ដល់សិស្សានុសិស្ស សម្រាប់ត្រៀមប្រឡងបាក់ឌុប ឲ្យមានការយល់ដឹងកាន់តែច្រើន ដើម្បីជាមូលដ្ឋាន ក្នុងការប្រឡងទទួលបានជោគជ័យ។ លោក ឈឹម កាន បន្ថែមថា រយៈពេលជាច្រើនខែកន្លងមកនេះ ដែលរាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតិឲ្យសិស្សរៀននៅសាលា ព្រោះប្រទេសកម្ពុជា កំពុងរងនូវផលប៉ះពាល់នៃជំងឺកូវីដ១៩ តែទោះជាយ៉ាងនេះក៏ដោយ ក៏សាលា និងសិស្ស នៅតែទាក់ទងគ្នាជាប្រចាំ តាមរយៈការរៀនតាមអនឡាញ និងការផ្ដល់មេរៀនរៀងរាល់សប្ដាហ៍ឲ្យសិស្សរៀននៅផ្ទះ។ លោកក៏បានផ្តាំផ្ញើដល់សិស្សានុសិស្ស ត្រូវថែទាំសុខភាពឱ្យបានល្អ ត្រូវខិតខំរៀនបំប៉នបន្ថែមទៀត និងស្រាវជ្រាវឯកសារផ្សេងៗ ដើម្បីជាមូលដ្ឋាន ក្នុងការប្រឡងទទួលបានជោគជ័យ។ លោក ក៏បានជូនពរដល់សិស្សត្រៀមប្រឡងបាក់ឌុបទាំងអស់ ឲ្យទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា សម្រាប់មុខមាត់ខេត្ត សាលារៀន ក៏ដូចជាក្រុមគ្រួសារ ជាពិសេស ត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ និងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ បន្ថែមលើសនេះ លោកក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូទាំងអស់ ដែលស្ម័គ្រចិត្ត ចំណាយពេលវេលាទាំងកម្លាំងកាយ កម្លាំងចិត្ត ខិតខំបង្ហាត់បង្រៀនបំប៉នសិស្សានុសិស្ស សម្រាប់ត្រៀមប្រឡងបាក់ឌុប នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។

នាឱកាសនោះ លោក ឈឹម កាន ក៏បានផ្តល់ជែលលាងសម្អាតដៃជូនដល់លោកគ្រូ អ្នកគ្រូចំនួន ១កេះ និង ប្រធានប្រតិបត្តិស.ស.យ.ក ស្រុកអូររាំងចំនួន ១កេះ សម្រាប់ចូលរួមបង្ការ ទប់ស្កាត់ និងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *