ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន ចែកជូនដល់កងទ័ព កងរាជអាវុធហត្ថ និងកងកម្លាំងនគរបាល នៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១

ខេត្តបន្ទាយមានជ័យ ៖ នាថ្ងៃអង្គារ ១០រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីចែកជូនដល់កងទ័ព កងរាជអាវុធហត្ថ និងកងកម្លាំងនគរបាល នៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកទឹកចិត្ត និងជំរុញដល់កងរាជអាវុធហត្ថ កងទ័ព និងកម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងការងារគ្រប់គ្រងបទល្មើសខុសច្បាប់ឱ្យបានម៉ឺងម៉ាត់ ដោយត្រៀមមធ្យោបាយសម្ភារៈ គ្រឿងបំពាក់អាវុធគ្រាប់ សម្រាប់បម្រើការងារប្រតិបត្តិការចេញល្បាត និងការពារតាមគោលដៅសំខាន់ៗ នៅតាមទីប្រជុំជន និងចាត់តាំងជំនាញចុះស្រាវជ្រាវ រុករកមុខសញ្ញាជនល្មើសផ្សេងៗ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ចជំនាញដោយអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងកើនរំលឹកថា នៅតាមបណ្ដាអង្គភាពនីមួយៗ ត្រូវពង្រឹងការងារគ្រប់គ្រងចំនួនកងទ័ពឱ្យបានម៉្មត់ចត់ និងអនុវត្តវិធានការផ្ទៃក្នុង ត្រូវធ្វើផែនការហ្វឹកហ្វឺនបំប៉នជំនាញដូចជា ការចុះយកព័ត៌មាន ថតសកម្មភាពស្នាដៃយកមកផ្សព្វផ្សាយតាមសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ និងត្រូវបន្តការអប់រំផ្សព្វផ្សាយស្ដីពីច្បាប់សិទ្ធិមនុស្ស និងក្រមសីលធម៌របស់កងយោធពលខេមរភូមិន្ទ ព្រមទាំងផ្សព្វផ្សាយរាល់បទបញ្ជា សារាចរ សេចក្ដីណែនាំរបស់ក្រសួងការពារជាតិ ជូនដល់មន្ត្រីថ្នាក់ក្រោមឱ្យបានញឹកញាប់ជាដើម។ ចំពោះអំណោយឧបត្ថម្ភរួមមាន អាវរងាដែលនាំយកមកចែកជូនដល់អង្គភាពទាំង៣ ដោយម្នាក់ៗ ទទួលបានអាវរងាមួយសម្រាប់ ដើម្បីពាក់នៅក្នុងរដូវរងាការពារសុខភាពផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *