សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន លើបញ្ហាចំនួន៣ធំៗ

ខេត្តបាត់ដំបង ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន លើបញ្ហាចំនួន៣ធំៗគឺ ទី១បញ្ហាជំងឺកូវីដ-១៩ ,ទី២ បញ្ហាគ្រឿងញៀន, និងទី៣បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដើម្បីធានាបាន សុវត្ថិភាព សុខមាលភាពប្រជាពលរដ្ឋ។
ការលើកឡើងបែបនេះ ក្នុងឱកាសដែល សម្តេចក្រឡាហោមអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពិធី សំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១០.២១០គ្រួសារដែលរងគ្រោះ ដោយទឹកជំនន់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។ សម្ដេច ក្រឡាហោម បន្ដថា មកដល់ ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ជិត៣០០នាក់ហើយ ប៉ុន្តែមិនទាន់មាននរណាម្នាក់ស្លាប់ ដោយសាជំងឺនេះនោះទេ ដោយភាគច្រើនសុទ្ធសឹងតែនាំមកពីក្រៅប្រទេស ហើយបានព្យាបាលជាសះស្បើយជាបន្តបន្ទាប់។ ទោះជាយ៉ាងនេះក្តី សម្តេច បន្តអំពាវនាវប្រជាពលរដ្ឋទាំងអស់ ត្រូវការពារខ្លួន កុំធ្វេសប្រហែស ដោយត្រូវគោរពតាមការណែនាំរបស់ក្រសួង សុខាភិបាល ព្រោះប្រសិនបើកាលណាកើតមានជំងឺនេះហើយ នឹងមានការឆ្លងរាលដាលជាបន្តបន្ទាប់។

ដោយឡែកពាក់ព័ន្ធទៅនឹងបញ្ហាគ្រឿងញៀនវិញ សម្ដេចក្រឡាហោម ស ខេង ក៏បានរំលឹកថា កាលពីមុន បញ្ហា គ្រឿងញៀននេះ កើតមានភាគច្រើនតែនៅរាជធានីភ្នំពេញតែប៉ុណ្ណោះ ប៉ុន្តែ បច្ចុប្បន្ន វាបានរីករាលដាលដល់តាមតំបន់ ជនបទមួយចំនួន ហើយក្នុងរយៈពេលជិត២ឆ្នាំនេះ សមត្ថកិច្ចបង្រ្កាបបានគ្រឿងញៀនជិត២តោន។ ដើម្បីរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀន សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវដល់យុវជន និងប្រជាពលរដ្ឋ ទាំងឡាយ ឱ្យចៀសឆ្ងាយពីគ្រឿងញៀនដែលបំផ្លាញអនាគតរបស់ពួកគេ ។ សម្តេចបញ្ជាក់ថា ចំពោះ ការដោះស្រាយ បញ្ហានេះមានប្រសិទ្ធភាព គឺទាមទារឱ្យមានការចូលរួមខ្ពស់ពីក្រុមគ្រួសារ ក្នុងការគ្រប់គ្រង និងអប់រំសមាជិកគ្រួសាររបស់ខ្លួន ដោយមិនត្រូវពឹងផ្អែកតែលើនគរបាល និងសមត្ថកិច្ចនោះឡើយ។
ជាមួយគ្នានេះ សម្តេច ក្រឡាហោម ក៏បានលើកឡើងពាក់ព័ន្ធបញ្ហាចរាចរណ៍ ដោយសម្តេចបានសង្កត់ធ្ងន់ថា បញ្ហានេះ បានបណ្តាលឱ្យមនុស្សស្លាប់ជារៀងរាល់ថ្ងៃ ច្រើនជាងសង្គ្រាមទៅទៀត ដូច្នេះយើងមិនត្រូវមើលស្រាលចំពោះបញ្ហានេះ នោះទេ ជាពិសេសអ្នកបើកគោយន្ត ដែលមានហានិភ័យខ្ពស់ ព្រោះតែចង្កូតមានលក្ខណៈវែង ពិបាកក្នុងការគ្រប់គ្រង និងបើកបរ៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *