រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា បានបើកកិច្ចពិភាក្សាតុមូលស្តីពីការបណ្តុះបណ្តាលជំនាញគរុកោសល្យភាសាចិនជាលើកដំបូង

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា បានបើកកិច្ចពិភាក្សាតុមូលស្តីពីការបណ្តុះបណ្តាលជំនាញគរុកោសល្យភាសាចិន ដើម្បីស្វែងរកធាតុចូល និងលើកទឹកចិត្តដល់គ្រូបង្រៀនភាសាចិនជនជាតិខ្មែរ មកទទួលយកការបណ្តុះបណ្តាលផ្នែកគរុកោសល្យឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត។
ក្នុងពិធីនោះ លោកស្រី ជ័រ វិនស៊ីងភារធារី ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ ការបណ្តុះបណ្តាលគរុកោសល្យភាសាចិននេះ ជាការបោះជំហានទៅមុខមួយជំហានទៀត ក្នុងការបណ្តុះបណ្តាលគ្រូបង្រៀនភា​សា​ចិនជនជាតិខ្មែរ។

ថ្មីៗនេះទំនាក់ទំនងកម្ពុជា-ចិនកាន់តែជិតស្និទ្ធនិងកាន់តែស៊ីជម្រៅហើយការកសាងជោគវាសនារួមគ្នា ក៏ត្រូវបានបន្តឥតឈប់ឈរ រីឯទំនាក់ទំនងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនក៏កាន់តែ ស្អិតល្មួតពីមួយថ្ងៃទៅមួយថ្ងៃ។ ការសិក្សាភាសាចិនបានក្លាយជាតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា ក៏ប៉ុន្តែការអប់រំ ភាសាចិនសម្រាប់គ្រូបង្រៀនភាសាចិនជនជាតិខ្មែរមានការរាំងស្ទះ និងមិនទាន់មានលក្ខណៈត្រឹមត្រូវតាមក្បួនខ្នាត នៅឡើយ។ លោកស្រីបន្តថា ការបណ្តុះបណ្តាលធនធានគរុកោសល្យភាសាចិននេះនឹងអាចជួយដោះស្រាយបញ្ហាការអភិវឌ្ឍការអប់រំ ភាសាចិន សម្រាប់គ្រូបង្រៀនភាសាចិនក្នុងតំបន់បាន។ ការបណ្តុះបណ្តាលភាសាចិននេះ ជាការចូលរួមចំណែករឹតចំណង មិត្តភាពកម្ពុជា-ចិន បង្កើនមិត្តភាពរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-ចិន។
ឯកឧត្តម សូត្រ សំណាង អគ្គលេខាធិការរងរាជបណ្ឌិត្យសភាកម្ពុជាមានប្រសាសន៍ថា៖ សិក្ខាសាលានេះជាឱកាសមួយទៀត ក្នុងការស្វែងរកធាតុចូលដើម្បីបំពេញបន្ថែមដល់កម្មវិធីបណ្តុះបណ្តាលគរុកោសល្យភាសាចិននៅពេលខាងមុខ ។ គោលបំណងនៃសិក្ខាសាលានេះ ដើម្បីបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជានិងមជ្ឈមណ្ឌល សហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិន-ភាសាបរទេសទាក់ទងទៅនឹងការបង្កើតជំនាញគរុកោសល្យភាសាចិនលើកទី១ នៅកម្ពុជា ផ្សព្វផ្សាយពីការបើកថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា និងបង្កើនកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញគរុកោសល្យភាសាចិននេះនឹងចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ក្នុងរូបភាពការផ្តល់អាហារូបករណ៍ ៥០ភាគរយ និងបង់ប្រាក់ ៥០ភាគរយ ហើយត្រូវសិក្សារយៈពេល ២ឆ្នាំ ក្នុងនោះសិក្សានៅ រាជបណ្ឌិត្យសភាមួយឆ្នាំនិងនៅប្រទេសចិន១ឆ្នាំ៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *