ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែងបានក្រើនរំលឹកដល់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេទាំង៤ក្នុងខេត្ត ត្រូវប្រុងប្រយ័ត្នខ្ពស់ ខណៈដែលទឹកទន្លេសេកុង និងសេសានកំពុងហក់ឡើងខ្ពស់

ខេត្តស្ទឹងត្រែង ៖ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែងបានក្រើនរំលឹកដល់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេទាំង៤ក្នុងខេត្ត ត្រូវប្រុងប្រយ័ត្នខ្ពស់ ខណៈដែលទឹកទន្លេសេកុង និងសេសានកំពុងហក់ឡើងខ្ពស់ ងាយ​ប្រឈមបញ្ហាគ្រោះថ្នាក់នានា។
ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ទន្លេសេកុងដែលហក់ឡើងខ្ពស់នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ លោកប៉ាងប៉េងប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្ទឹងត្រែង បានប្រាប់ប្រជាពលរដ្ឋឱ្យត្រៀមលក្ខណៈគ្រប់មធ្យោបាយ​រួមមាន ទូកក្តារ ម៉ាស៊ីន អាវពោង ស្បៀងអាហារឱ្យបានគ្រប់គ្រាន់ ហើយត្រូវថែសុខភាព និងការពារកូនចៅកុំឱ្យចុះលេងទឹក ។
លោកសូមអោយប្រជាពលរដ្ឋមើលថែរក្សាកូនចៅ ហើយត្រូវជម្លៀសសត្វចិញ្ចឹមទៅទីទួលសុវត្ថិភាព និងប្រុងប្រយ័ត្នចំពោះសត្វមានពិសទិច ឬខាំ។
លោកឃួន ភូន ប្រជាពលរដ្ឋនៅភូមិស្រែតាប៉ាន ឃុំសាមឃួយបានសំដែងនូវទឹកចិត្តត្រេកអរ និងទទួលយកនូវការណែនាំនេះ ដែលជួយ​ដាស់ស្មារតីប្រជាពលរដ្ឋបានច្រើន ជាពិសេសអ្នកធ្វើដំណើរតាមទូកតូចៗឆ្លងអូរ ព្រែកបានប្រុងប្រយ័​ត្ន ​កា​រពារសុវត្ថិភាពដោយខ្លួនឯង។
សូមបញ្ជាក់ថា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ទឹកទន្លេសេកុងមានកម្ពស់ ១០.៥២ម៉ែត្រ ឡើងខ្ពស់ជាងថ្ងៃម្សិលមិញ ១.៥៨ម៉ែត្រ។ ចំណែកទឹកទន្លេសេសានមានកំពស់ ៥.៣០ម៉ែត្រ និងទឹកទន្លេមេគង្គមានកម្ពស់ ៧.១៤ម៉ែត្រ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *