អាជ្ញាធរខេត្តបាត់ដំបង សង្គ្រោះស្រូវបានជាង ២០០០ហិកតា ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ខេត្តបាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង កំពុងចុះជួយអន្តរាគមន៍ បើកទម្លាក់ទឹកដែលជន់លិចស្រែបង្ហូរទៅកាន់ដងស្ទឹងបវេល ខណៈដែលដំណាំស្រូវ​ជាង២០០០​ហិក​តា​កំពុងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង។

លោក ឈឹម វជ្ជរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានឱ្យដឹងថា ជំនន់ទឹកភ្លៀងធ្វើ​ឱ្យប៉ះពាល់ស្រូវរ​បស់​ប្រជា​ពល​រដ្ឋ ដែលជិតច្រូតកាត់ និងស្រូវទើបព្រួសថ្មី ស្ថិតក្នុងភូមិសាស្ត្រ ស្រុកបវេល ។ អាជ្ញាធរខេត្តបានចុះជួយអន្តរាគមន៍បើកទម្លាក់ទឹកដែលជន់លិចស្រែ បង្ហូរទៅកាន់ដងស្ទឹងបវេល ខណៈជំន​ន់​ទឹ​កភ្លៀងនាចុងរដូវវស្សា និងទឹកដែលហូរចេញពីប្រភពនៅតាមស្រុក ជាប់នឹងព្រំដែនថៃ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង បណ្ដាលឱ្យប៉ះពាល់ស្រូវប​ង្កើ​ន​រ​ដូ​វ​រ​ប​ស់​ពលរដ្ឋនៅស្រុកបវេលប្រមាណជាង ២០០០ហិកតា។

លោកប្រធានមន្ទីរ បានស្នើដល់ប្រជាពលរដ្ឋ ដែលនៅតំបន់រងផលប៉ះពាល់នោះ សូមនាំគ្នាប្រើប្រាស់ទឹកដោយប្រុងប្រយ័ត្ន និងរួមគ្នាទប់ទឹកកុំឱ្យហូរចោល​ខ្ជះ​ខ្ជា​យ​​ ខណៈដែលទីតំាងនេះពុំទាន់មានប្រព័ន្ធធារាសាស្ត្រត្រឹមត្រូវនៅឡើយ ។

ក្នុងឱកាសចុះពិនិត្យពីស្ថានភាពទឹកជំនន់ក្នុងស្រុកបវេល កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០  ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជំរុញឱ្យ​អាជ្ញាធ​រ​ស្រុ​ក ក៏ដូចជាមន្ទីរពាក់ព័ន្ធ ត្រូវបន្តខិតខំជួយអន្តរាគមន៍នូវបញ្ហា ជំនន់ទឹកភ្លៀងនេះ បើទោះបីមិនទាន់មានការប៉ះពាល់ដល់អាយុជីវិតពលរដ្ឋក្តី ប៉ុន្តែត្រូវត្រៀ​មជា​និ​ច្ច​នូវទីទួលសុវត្ថិភាព ហើយពិនិត្យលទ្ធភាពបន្ថែមក្នុងការបង្ហូរទឹកជំនន់នេះឱ្យអស់ពីស្រែរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា គិតត្រឹមដើមខែតុលា ឆ្នាំ២០២០នេះ  ខេត្តបាត់ដំបង បង្កបង្កើនផលស្រូវបានចំនួនជាង៣៤ម៉ឺនហិកតា ស្មើនឹង១០៥ភាគរយ ដោយក្នុងនោះមានស្រូ​វ​បង្កើ​ន​រ​ដូ​វ ឬស្រូវស្រាលចំនួនជាង ១៧ម៉ឺនហិកតា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *