ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុង​ភូមិសាស្ត្រស្រុកបវេល ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ នារសៀល​ថ្ងៃព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណអភិបាលខេត្តបាត់ដំបង អមដំណើរដោយមន្ទីរជំនាញ អាជ្ញាធរ​ស្រុក លេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងគ្រោះ​មហន្តរាយខេត្ត និងភាគីពាក់ព័ន្ធមួយ​ចំនួន​ទៀត បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុង​ភូមិសាស្ត្រស្រុកបវេល ខេត្តបាត់ដំបង ដែលកំពុងរងការលិចលង់ដំណាំ​ស្រួវមួយចំនួន​បណ្តាលមកពីជំនន់ទឹកភ្លៀងនៅប៉ែកខាងលើ។

ឯកឧត្តម ងួន រតនៈ ក៏បានចុះពិនិត្យការសាងសង់បន្ថែមនូវប្រព័ន្ធធារាស្ត្រ និងហេដ្ឋា​រចនាសម្ព័ន្ធជាច្រើនដែលស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាណន់​ផងដែរ ដែលអាចនាំទឹកចូល​ក្នុងអាងកំពីងពួយ។

ឯកឧត្តមអភិបាលខេត្តបានថ្លែងកោតសរសើរចំពោះបងប្អូនប្រជាកសិករ ដោយមិនទុកដីឱ្យនៅទំនេរ ដែលបានខិតខំបង្កបង្កើនផលនៅក្នុងវគ្គ២ ជំហាន២នេះ។ ឯកឧត្តមបានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីបើកទម្លាក់ទឹកពីស្រែបង្ហូរទៅកាន់ស្ទឹងបវេល បន្តហូរ​ចូលស្ទឹងមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីចៀសវាងអូសបន្លាយពេល​វេលាយូរបណ្តាល​ឱ្យខូចខាតដំណាំស្រូវរបស់បងប្អូនប្រជាកសិករ។

ឯកឧត្តមអភិបាលខេត្ត បានជំរុញទៅដល់ អាជ្ញាធរ​ស្រុក ក៏ដូចជាមន្ទីរពាក់ព័ន្ធ បន្តខិតខំជួយអន្តរាគមន៍នូវបញ្ហាជំនន់ទឹកភ្លៀងនេះ បើ​ទោះបីមិនទាន់មានការប៉ះពាល់ដល់អាយុជីវិតពលរដ្ឋ តែត្រូវត្រៀមជានិច្ចនូវទីទួល​សុវត្ថិ​ភាព ហើយពិនិត្យលទ្ធភាពបន្ថែមក្នុងការបង្ហូរទឹកជំនន់នេះ ឱ្យអស់ពីស្រែរបស់ប្រជាពលរដ្ឋ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា សម្រាប់​ខែតុលា ឆ្នាំ២០២០នេះ ភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយ ហើយក្រសួងបានអំពាវនាវ​ដល់ពលរដ្ឋ សូមមានការប្រុងប្រយ័ត្នពីបាតុភូតផ្សេងៗ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *