ក្រសួងអប់រំយុវជន និងកីឡា គ្រោង រៀបចំការប្រកួតប្រជែងពានរង្វាន់ស៊ីមេអូ-ជប៉ុនឆ្នាំ២០២០

រាជធានីភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា គ្រោង រៀបចំការប្រកួតប្រជែងពានរង្វាន់ស៊ីមេអូ-ជប៉ុនឆ្នាំ២០២០ ក្រោមប្រធានបទបញ្ហាធ្លាស្ទិចសម្រាប់ការផ្លាស់ប្តូរសហគមន៍ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងរួមចំណែកការពារអេកូឡូស៊ី ។
សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡា បានប្រកាសដល់ គ្រប់គ្រឹះស្ថានអប់រំសាធារណៈ និងឯកជនចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាអប់រំ វិជ្ជាជីវៈ និងអប់រំបច្ចេកទេសទាំងអស់ ចូលរួមប្រកួតប្រជែងពានរង្វាន់ស៊ីមេអូ-ជប៉ុនឆ្នាំ២០២០ ក្រោមប្រធានបទបញ្ហាធ្លាស្ទិចសម្រាប់ការផ្លាស់ប្តូរសហគមន៍។កម្មវិធីនេះក្រសួង បានសហការជាមួយ លេខាធិការដ្ឋាន SEAMEO និងវិទ្យាសាស្ត្រនៃប្រទេសជប៉ុន រៀបចំឡើងក្នុងគោលបំណង សម្រាប់ការអភិវឌ្ឍការអប់រំប្រកបដោយចីរភាព លើប្រធានបទ បញ្ហាប្លាស្ទិចសម្រាប់ការផ្លាស់ប្តូរសហគមន៍ ទៅកាន់គោលដៅគ្រឹះស្ថានអប់រំសាធារណៈ និងឯកជនចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាអប់រំវិជ្ជាជីវៈ និងអប់រំបច្ចេកទេស ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងអំពីប្រព័ន្ធគ្រប់គ្រងកាកសំណល់និងគំនិតផ្តួចផ្តើម ស្តីពីការគ្រប់គ្រងប្លាស្ទិកនៅក្នុងសាលារៀនទាំងអស់នៅតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសជប៉ុន ដែលរួមចំណែកដល់ការផ្លាស់ប្តូរសហគមន៍និងប្រព័ន្ធអេកូឡូស៊ី ។ ចែករំលែកគំនិតផ្តួចផ្តើមនិងការអនុវត្តល្អៗ ដែលគាំទ្រដល់ការអភិវឌ្ឍការអប់រំប្រកបដោយចីរភាព តាមរយៈការធ្វើសមាហរណកម្មប្រព័ន្ធគ្រប់គ្រងសំណល់ប្លាស្ទិក ទៅក្នុងកម្មវិធីសាលា និងលើកទឹកចិត្តសាលារៀនឱ្យចូលរួមអភិវឌ្ឍន៍ កែលម្អសកម្មភាព និងកម្មវិធីអប់រំប្រកបដោយចីរភាព ។
ប្រភពដដែលបន្តថា គ្រឹះស្ថានអប់រំដែលមានចំណាប់អារម្មណ៍ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីខាងលើអាចរៀបចំសំណុំឯកសារ និងបញ្ជូនព័ត៌មានអំពីសកម្មភាពឬក៏កម្មវិធីរបស់សាលារៀង ៗខ្លួន ទាក់ទងនឹងប្រធានបទខាងលើទៅកាន់អាសយដ្ឋានអ៊ីម៉ែល seameojapan.award@seameo.org ។ ចំពោះគ្រឹះស្ថានអប់រំសាធារណៈ និងឯកជន ដែលជាប់ចំណាត់ថ្នាក់លេខ១ នឹងទទួលបានថវិកាចំនួន១.៥០០ ដុល្លាសហរដ្ឋអាមេរិក និងដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសជប៉ុន លេខ២ ទទួលបានថវិកាចំនួន ១.០០០ ដុល្លាសហរដ្ឋអាមេរិក លេខ៣ ទទួលបានថវិកាចំនួន៥០០ដុល្លាសហរដ្ឋអាមេរិក និងលេខ៤ ជារង្វាន់ពិសេសពីលេខាធិការដ្ឋាន SEAMEO ។
សូមបញ្ជាក់ថា កាលបរិច្ឆេទចាប់ទទួលពាក្យ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ link.seimeo.org/2020 SEAMEOJapanESDAward ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *