ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលជាមួយយោធិន ដែលត្រូវដាក់ឱ្យចូលនិវត្តន៍

ខេត្តតាកែវ ៖ នាថ្ងៃ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តតាកែវ មានរៀបចំពិធីជួបសំណេះសំណាលជាមួយយោធិនដែលត្រូវដាក់ឱ្យចូលនិវត្តន៍ចំនួន ១៥នាក់ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយលោក​ លោកស្រីអភិបាលរងខេត្តតាកែវ ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។

ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោម ការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនអាចបំភ្លេចបានឡើយចំពោះយោធិនដែលចូលនិវត្តន៍ ។ ព្រោះបងប្អូនយោធិនទាំងអស់ពិតជាបានចូលរួមចំណែកធ្វើពលិកម្មយ៉ាងធំធេង ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនក្នុងពេលកន្លងមក ហើយក៏ជាគំរូវីរភាពមួយសម្រាប់ប្រជាជនកម្ពុជាយើង។

ឯកឧត្តម អ៊ូច ភា មានប្រសាសន៍បន្តថា យោធិនគ្រប់រូបក្នុងកងយោធពលខេមរភូមិន្ទ បានចងចាំទុក ដោយមិនអាចបំភ្លេចបាន និងបន្តរៀនសូត្រពីគំរូវីរភាពនេះទុកជាបទពិសោធន៍សម្រាប់ធានាប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចជូនជាតិ មាតុភូមិ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ គោលនយោបាយរបស់រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ និងគិតគូរចំពោះយោធិនយើងគ្រប់ពេលវេលា តាមរយៈការយកចិត្តទុកដាក់ដោះស្រាយជីវភាពរស់នៅដល់បងប្អូន ទាំងស្មារតី សម្ភារ និងថវិកា ក្នុងនោះរួមទាំងការដំឡើងប្រាក់បៀវត្ស និងការផ្តល់អត្ថប្រយោជន៍ផ្សេងៗទៀតជាបន្តបន្ទាប់។

ឯកឧត្តមអភិបាលខេត្តតាកែវ អ៊ូច ភា ក៏បានសំណូមពរដល់អុំ ពូ មីង ដែលត្រូវចូលនិវត្តន៍ទាំងអស់ ពេលទៅដល់មូលដ្ឋានវិញ ត្រូវចូលជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីបានទទួលការមើលថែទាំពីសមាគមអតីតយុទ្ធជនកម្ពុជា នៅតាមមូលដ្ឋាន ខេត្ត ក្រុង ដែលបងប្អូនបានរស់នៅ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការអនុវត្តគោលនយោបាយជាតិសំខាន់ៗ ចំពោះយោធិនពលី ពិការ មរណៈ បាត់បង់សមត្ថភាព យោធិនចូលនិវត្តន៍ អតីតយុទ្ធជន និងគ្រួសារ ដោយគោរពដឹងគុណដ៏ថ្លៃថ្លារបស់ពួកគាត់ជានិច្ច។

ក្នុងឧិកាសនោះដែរ ឯកឧត្តម អ៊ូច ភា ក៏បានឧបត្ថម្ភដល់យោធិនចូលនិវត្តន៍ទាំង១៥នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ​២៥គីឡូក្រាម មី១កេះ ទឹកក្រូច១កេះ និងថវិកា២០ម៉ឺនរៀល។ ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់សឹករងតាកែវក៏បានចូលរួមឧបត្ថម្ភថវិកាក្នុងនិវត្តន៍ជនម្នាក់ៗចំនួន ១០ម៉ឺនរៀលផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *