រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹ​ងដល់បងប្អូនប្រជាពលរដ្ឋ ត្រូវសហ​ការរុះរើសំណង់របស់ខ្លួនដោយខ្លួនឯ​ងក្នុងរយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី​០​២ ខែតុលា ឆ្នាំ២០២០

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប បានទុកឱសានវាទរយៈពេល១០ថ្ងៃឱ្យពលរដ្ឋរុះរើសំណង់រំលោភលើដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបដោយខ្លួនឯង ដើម្បីឱ្យការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ប្រព្រឹត្តទៅបានដោយរលូន និងសម្រេចតាមផែនការ នាពេលខាងមុខនេះ។

រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ត្រូវសហការរុះរើសំណង់របស់ខ្លួនដោយខ្លួនឯងក្នុងរយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ជាកំហិត ហើយមន្ត្រីជំនាញនឹងចុះសហការវាស់វែងជូនបងប្អូនប្រជាពលរដ្ឋ ចាប់ពីពេលចេញសេចក្តីជូនដំណឹងនេះ។

សេចក្តីជូនដំណឹងដដែលបន្តថា ក្នុងករណីពុំរុះរើតាមការកំណត់ រដ្ឋបាលខេត្តសៀមរាប នឹងចាត់វិធានការរុះរើតាមនីតិវីធី និងច្បាប់ជាធរមាន ដោយមិនទទួលខុសត្រូវរាល់ការខូចខាតនិងបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនឡើយ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឲ្យដឹងថា ចំពោះករណីម្ចាស់សំណង់ដែលបានសាងសង់ រំលោភលើដីចំណីសាធារណៈ ត្រូវតែរុះរើចេញដោយមិនមានលក្ខខណ្ឌឬសងសំណងណាមួយឡើយ ព្រោះអាជ្ញាធរពាក់ព័ន្ធបានទុក រយៈពេលជាយូរមកហើយ ឲ្យបងប្អូនធ្វើការរុះរើដោយខ្លួនឯង។

សម្តេច​បញ្ជាក់ថា​៖សូមជម្រាបថាអ្នកដែលរស់នៅលើដីចំណីផ្លូវគឺពុំមានអ្វីត្រូវនេះទេ ព្រោះគាត់ធ្វើហ្នឹងរំលោភរួចជាស្រេចហើយ គឺគាត់មានកាតព្វកិច្ចមួយមុខរួមជាមួយគណៈកម្មការធ្វើផ្លូវនេះ ដោយគាត់ត្រូវតែចេញដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ អត់មានសំណងអ្វីទាំងអស់ ព្រោះគាត់មកនៅហ្នឹងរំលោភស្រេចទៅហើយ ហើយក៏បានទុកពេលឲ្យគាត់យូរថ្ងៃហើយ ដល់ពេលគេត្រូវអភិវឌ្ឍន៍កន្លែងនោះ គឺមានកិច្ចសន្យាច្បាស់លាស់ណាស់ ពេលដែលយើងត្រូវការអភិវឌ្ឍផ្លូវហ្នឹងគឺគាត់នឹងរើ ពេលនេះដល់ពេលដែលត្រូវអនុវត្តន៍ហើយ។

សូមបញ្ជាក់ថា ផ្លូវទាំង៣៨ខ្សែគ្រោងស្ថាបនាឡើងវិញនេះ មានផ្លូវដែលមានសកម្មភាពចរាចរណ៍មមាញឹកខ្លាំង រួមមាន ៖ ផ្លូវហ្សាដឺហ្គោល , ផ្លូវកូម៉ៃផ្លូវជាតិលេខ៦ , ផ្លូវក្រវ៉ាត់ក្រុងសៀមរាប , ផ្លូវអមមាត់ស្ទឹងសៀមរាបជាដើម ។ល។

គម្រោងស្ថាបនាផ្លូវនេះបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសម្រេចកញ្ចប់ថវិកា ចំនួន១៥០លានដុល្លារអាមេរិក សម្រាប់ការស្ថាបនាផ្លូវចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាប កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *