ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំយុវជនដាំដើមឈើ សម្អាតបរិស្ថាន និងចែកអំណោយជូនចាស់ជរា

ខេត្តត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៧កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ  ក្នុងឱកាសអបអរសាទរខួបលើកទី២៧​ នៃទិវាប្រកាសដាក់ឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត​ ជាម​ ច័ន្ទសោភ័ណ​ អភិបាលខេត្ត និងជាគណអចិន្ត្រៃយ៏គណៈកម្មាធិការកណ្ដាលស.ស.យ.ក ទទួលបន្ទុកខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តីរាជការ​ យុវជន​ស.ស.យ.ក​ ធ្វើការដាំកូនឈើ និងសម្អាតអនាម័យបរិស្ថាន ក្រោមប្រធានបទ “បរិស្ថានបៃតងនាំមកនូវផាសុខភាពនៃជីវិត” នៅតាមដងផ្លូវលេខ៣៧០ ទីប្រជុំជនមុខស្នាក់ការគណបក្សឃុំដំរិល ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។ បន្ថែមពីនេះបានធ្វើការចែកអំណោយជាថវិការ និងស្បៀងអាហារជូនចាស់ជរាផងដែរ។

មានប្រសាសន៍ទៅកាន់យុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ក្នុងស្រុកអូូររាំងឳ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណបានលើកឡើងថាយើងត្រូវរួមគ្នាដាំដើមឈើឲ្យបានគ្រប់ទីកន្លែង ដើម្បីភូមិឋានរបស់យើងមានភាពស្រស់បំព្រង លើកកម្ពស់បរិស្ថានបៃតង។

ឯកឧត្តមបណ្ឌិត ក៏បានណែនាំដល់យុវជន និងប្អូនសិស្សានុសិស្សទាំងអស់ត្រូវចូលរួមថែទាំអនាម័យបរិស្ថាន មិនថាតែនៅសាលារៀន ផ្ទះ ឬតាមទីសា​ធា​រ​ណៈទេ ពោលគឺត្រូវមានអនាម័យជាប់ជានិច្ច ដើម្បីមានសុខភាពល្អ ស្រុក ភូមិ សាលារៀនរបស់យើងមានបរិស្ថានស្អាតជានិច្ច ពិសេសក៍ដូចជាត្រូវរួមគ្នាបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្តក៏បានជម្រុញដល់សិស្សា នុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ មិនត្រូវ ប្រព្រឹត្តិអំពើណាដែលសង្គមស្អប់ខ្ពើម ឬអំពើខុសច្បាប់ឡើយ។ ចំណែកសិស្សានុសិស្សត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ហើយបើជាប់និន្ទេស A ឯកឧត្តមបណ្ឌិត និងលោកជំទាវ នឹងបន្តផ្តល់កំព្យូទ័រយួរដៃមួយគ្រឿង ដូចទៅនឹងរៀងរាល់ឆ្នាំផងដែរ ដើម្បីជាការលើកទឹកចិត្តដែលក្មួយៗខិតខំប្រឹងប្រែងលើការសិក្សា សម្រាប់ខ្លួនឯង គ្រួសារ ជាទំពាំងស្នងឬស្សីសម្រាប់សង្គមជាតិ។

សូមជម្រាបថា នៅក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានដឹកនាំមន្រ្តីពាក់ព័ន្ធធ្វើការដាំកូនឈើស្ទើរគ្រប់ទីកន្លែងនានាក្នុងខេត្តមិនថានៅក្នុងបរិវេនសាលារៀន វត្តអារាម ទីសាធារណៈនោះឡើយ ដើម្បីធ្វើយ៉ាងឲ្យបរិស្ថានក្នុងខេត្តទាំងមូល មានភាពស្រស់បំព្រង មានផាសុខភាពដល់បងប្អូនប្រជាពលរដ្ឋ ជាក់ស្តែងដូចជាទីធ្លាជុំវិញអាគារដ្ឋបាលសាលាខេត្ត ត្រូវបានកំពុងកែលំអរធ្វើសួនច្បារ និងដាំកូនឈើរាប់ពាន់ដើម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *