ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុ​មប្រឹក្សាខេត្តព្រៃវែង អញ្ជើញជាអធិ​បតីសម្ពោធអគារសាលាបឋមសិក្សាព្រៃកណ្ដៀង ១ខ្នងនៅស្រុកពាមរក៍

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៧កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ នៅសាលាបឋមសិក្សាព្រៃកណ្ដៀង ស្ថិតនៅក្នុងបរិវេនវត្តព្រៃកណ្ដៀង ស្រុកពាមរក៍ បានប្រារព្ធពិធីសម្ពោធអគារសិក្សា១ខ្នង មាន៣បន្ទប់ ក្រោមអធិបតីភាពឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោ​ក​ជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួន ៥៥០នាក់។

លោកស្រី សេង ទាង អភិបាលស្រុកពាមរក៍ បានឡើងរាយការណ៍អំពីសកម្មភាពនានាក្នុងស្រុក និងធ្វើរបាយការណ៍សាងសង់អគារសិក្សា ១ខ្នងនេះ គឺមានបណ្តោយ ២៥ម៉ែត្រ ទទឹង ១០ម៉ែត្រ មាន៣បន្ទប់ ចំណាយអស់ថវិកាសរុបចំនួន២៨​៨,០០០,០០០រៀល ដែលជាអំណោយរបស់លោក ង៉ូវ លីហ៊ួង និងលោកស្រី តែ មួយទាង និងក្រុមគ្រូសារ ដើម្បីបំពេញតម្រូវការសិក្សារបស់ក្មួយៗ ចៅៗ ឲ្យមានភាពងាយស្រួលជាងមុន ។

ឯកឧត្ដម ស្បោង សារ៉ាត បានមានប្រសាសន៍ថា ដោយមានការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា បាននាំឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ ដែលធ្វើឲ្យប្រទេសមានការរីកចម្រើនគ្រប់វិស័យ ទាំងវិស័យពុទ្ធិចក្រ និងវិស័យអាណាចក្រ បងប្អូនប្រជាពលរដ្ឋមានសិទ្ធគ្រប់គ្រាន់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតរៀងៗខ្លួន និងសូមឲ្យបងប្អូនប្រជាពលរដ្ឋថែរក្សាសន្តិភាពនេះឲ្យបានគង់វង្ស។

ឯកឧត្តម បានកោតសរសើរ និងថ្លែងអំណរគុណចំពោះលោក ង៉ូវ លីហ៊ួង និងលោកស្រី តែ មួយទាង និងក្រុមគ្រួសារ ដែលបានកសាងសាលា ១ខ្នងនេះឡើង ដើម្បីសម្រួលឱ្យក្មួយៗសិស្សានុសិស្ស ងាយស្រួលក្នុងការសិក្សារៀនសូត្រ និងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍវិស័យអប់រំក្នុងខេត្តព្រៃវែង។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ផ្ដាំផ្ញើដល់ក្មួយៗ ចៅៗសិស្សានុសិស្សទាំងអស់ដែលជាទំពាំងស្នងឬស្សី ត្រូវយកចិត្តទុកដា​ក់​ក្នុងការក្រេបជញ្ជក់ចំណេះដឹងថ្មីៗពីលោកគ្រូ អ្នកគ្រូ ដើម្បីពង្រឹងសមត្ថភាព ផ្នែកចំណេះដឹង និងសីលធម៌ ដើម្បីធ្វើឲ្យខ្លួនក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាព ទេពកោសល្យ ក្នុងការប្រឡងទទួលបានជាប់និទ្ទេសល្អគ្រប់ៗគ្នា និងចូលរួមថែរក្សាសាលាឱ្យបានល្អ ដើម្បីបន្ដដល់ប្អូនៗ ជំនាន់ក្រោយបានសិក្សាបន្ដទៀត និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានជាប់ជាប្រចាំដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩។

ក្នុងកម្មពិធីនេះផងដែរ បានឧបត្ថម្ភយាយជី តាជី ចំនួន ១៦០នាក់ ក្នុងម្នាក់ៗទទួលបានក្រមា១ ថវិកា១០.០០០រៀល លោកគ្រូ-អ្នកគ្រូចំនួន ១៣នាក់ ក្នុងម្នាក់ៗទទួលបាន ២០.០០០រៀល និងជូនសំភារៈសិក្សាដល់ក្មូយៗ សិស្សានុសិស្សចំនួន ២២៣នាក់ ក្នុងម្នាក់ៗទទួលបានកាតាប ប៊ិច សៀវភៅ ខ្មៅដៃ និងបន្ទាត់ផងដែ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តព្រៃវែង

You might like

Leave a Reply

Your email address will not be published. Required fields are marked *