ពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់អភិវឌ្ឍន៍សហគ្រិនភាពស្រ្តី ក្រោមអធិបតីភាព លោកជំទាវច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី

ខេត្តព្រះវិហារ ៖នៅថ្ងៃច័ន្ទ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ នៅសាលប្រជុំនៃមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះវិហារ មន្ទីរកិច្ចការនារី បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់អភិវឌ្ឍន៍សហគ្រិនភាពស្រ្តី ក្រោមអធិបតីភាព លោកជំទាវច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោកជំទាវចឹក ហេង អភិបាលរងខេត្ត ព្រមទាំង លោកស្រីអគ្គនាយករង ក្រសួងកិច្ចការនារី លោកប្រធាននាយកដ្ឋាននិតិកម្មធនាគារជាតិ លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត ព្រមទាំងសិក្ខាកាមមកពីមន្ទីរចំនួន១០ សរុបចំនួន៥០នាក់ ក្នុងនោះ៩០% ជាស្ត្រីដែលវគ្គបណ្ដុះបណ្ដាលប្រារព្វធ្វើឡើងរយៈពេល២ថ្ងៃ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ ចឹក ហេង បានថ្លែងអំណរគុណដល់ ក្រសួងកិច្ចការនារី ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនវីសា ដែលបានចុះមកបើកវគ្គបណ្ដុះបណ្ដាលស្ដីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់អភិវឌ្ឍន៍សហគ្រិនភាពស្រ្តីនៅក្នុងខេត្តព្រះវិហារ។ លោកជំទាវក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រង់ត្រាប់ស្ដាប់ និងចាប់យកចំណេះដឹង ពីវគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះ ដើម្បីអភិវឌ្ឍន៍សម្ថភាពរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើងជាបន្តទៀត។

មានមតិសំណេះសំណាល នៅក្នុងពីធីបើកវគ្គបណ្ដុះបណ្ដាល លោកជំទាវច័ន្ទ សូរីយ៍ បានឲ្យដឹងថាថ្ងៃនេះ ក្រសួងកិច្ចការនារី ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនវីសា ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោក ក្នុងការទូទាត់តាមប្រព័ន្ធឌីជីថល បានរៀបចំ វគ្គបណ្ដុះបណ្ដាលនេះឡើង ក្នុងគោលបំណងដើម្បីបង្កើនចំណេះដឹងដល់មន្រ្តីបុគ្គលិកនៃមន្ទីរ និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី អំពីការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងការប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់សេវាកម្មហិរញ្ញវត្ថុ ដើម្បីយកទៅផ្សព្វផ្សាយបន្ត សម្រាប់ជួយគាំទ្រដល់ការអភិវឌ្ឍន៍អាជីវកម្ម និងធុរកិច្ចរបស់ស្ត្រីនៅតាមមូលដ្ឋាននៃប្រទេសកម្ពុជា។ លោកជំទាវក៏បានបន្តទៀតថា វគ្គបណ្ដុះបណ្ដាលនេះ មានការរួមបញ្ចូល នៅប្រធានបទសំខាន់ៗ ចំនួន៦ ដែលទាក់ទងទៅនិងបញ្ហាជុំវិញចំណេះដឹង ផ្នែកហិរញ្ញវត្ថុរបស់ស្ត្រី មានជាអាទិ បរិបន្នហិរញ្ញវត្ថុនៅកម្ពុជា និងបញ្ហាប្រឈមរបស់ស្ត្រី ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ប្រភេទផលិតផល សេវា និងគ្រឹះស្ថាន នៃធនាគារនិងហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ សេវាទូទាត់ សេវាធានារ៉ាប់រង និងកិច្ចការពារអតិថិជន៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *