អាជ្ញាធរខេត្តព្រះសីហនុ សហការជា​មួយក្រុមហ៊ុនឯកជន បានបញ្ចេញទូកតូចធំជាង១០គ្រឿង ដើម្បីទទួ​ល​​​​​ភ្ញៀវទេសចរជាង ១,០០០នាក់ ដែ​ល​ជាប់នៅលើកោះរយៈពេលបីថ្ងៃ​ដោ​យសារព្យុះ មកលើគោកវិញ

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងនគរបាលខេត្តព្រះសីហនុ សហការជាមួយក្រុមហ៊ុនឯកជន បានបញ្ចេញទូកតូចធំជាង១០គ្រឿង ដើម្បីទទួលភ្ញៀវទេសចរជាង ១,០០០នាក់ ដែលជាប់នៅលើកោះរយៈពេលបីថ្ងៃដោយសារព្យុះ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា កោះដែលភ្ញៀវទេសចរជាប់នៅលើនោះ រួមមាន កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះសង្សា។ ដោយសាររយៈពេលបីថ្ងៃកន្លងទៅនេះ កម្ពុជាទទួលរងឥទ្ធិពលព្យុះ ជាពិសេសនៅខេត្តព្រះសីហនុតែម្ដង ដូច្នេះហើយអាជ្ញាធរ និងសមត្ថកិច្ចផ្អាកការធ្វើដំណើរតាមផ្លូវទឹកជាបណ្ណោះអាសន្ន រង់ចាំអាកាសធាតុល្អឡើងវិញ។ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយឃើញអាកាសធាតុស្រឡះល្អ លោក គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ បានទំនាក់ទំនងទៅកាន់ក្រសួងធនធានទឹក ដើម្បីបញ្ជាក់អំពីអា​កា​​សធាតុនេះ។

ក្រោយទទួលបានព័ត៌មានថា អាកាសធាតុល្អអាចធ្វើដំណើរបាន លោកអភិបាលខេត្ត បានបញ្ជាមកកម្លាំងនគរបាល សហការជាមួយក្រុមហ៊ុនឯក​ជ​ន​ ដើម្បីបញ្ចេញទូក និងអូប័រជាង១០គ្រឿង ទៅទទួលភ្ញៀវទេសចរជាង១,០០០នាក់នោះ ត្រឡប់មកលើដីគោកវិញ ក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុក​ដាក់ខ្ពស់បំផុត។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានអះអាងថា នៅពេលទូក និងអូប័រចេញទៅទទួលភ្ញៀវទេសចរ ក៏មាននគរបាលទេសចរណ៍ និងនគរបាលផ្លូវទឹក អមដំណើរនៅលើនោះផងដែរ ដើម្បីធានាបាននូវសុវត្ថិភាព។ លោកបានបន្ថែមថា រហូតមកដល់ពេលនេះ ភ្ញៀវទេសចរជាង១,០០០នាក់ ដែលជាប់នៅលើកោះនោះ បានត្រឡប់មកលើដីគោកដោយសុវត្ថិភាព៕

កញ្ញា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *