រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍ ណែនាំពីវិធានការការពារការចម្លងវីរុសកូវីដ-១៩ សម្រាប់អាជីវកម្មទីលានវាយកូនហ្គោល ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសនេះ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។
តាមសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីត១៩ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងការចូលរួមការពារការចម្លងពីវីរុសកូវីត១៩ នៅតាមបណ្ដាអាជីវកម្មទីលានវាយកូនគោលទាំងអស់ ដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងទេសចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួង សូមធ្វើការណែនាំ ចំពោះអ្នកគ្រប់គ្រងបុគ្គលិកបំរើការ និងកីឡាករ កីឡាការិនីវាយកូនគោល ត្រូវអនុវត្តតាមវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជននិងកីឡាបានណែនាំ ជាពិសេសត្រូវអនុវត្តតាមគោលការណ៍បន្ថែមមួយចំនួនទៀត ដោយមិនត្រូវរៀបចំឲ្យមានជាព្រឹត្តិការណ៍ ឬការប្រកួតដណ្ដើមពានរង្វាន់កីឡាវាយកូនគោលឡើយ។ ត្រូវមានកន្លែងសមរម្យ ដើម្បីត្រួតពិនិត្យកម្តៅបុគ្គលិកបំរើការ និងកីឡាករ កីឡាការិនី មុនអនុញ្ញាតអោយចូលលេង។ តម្រូវឱ្យមានតែឡានកូនគោលមួយ សម្រាប់ភ្ញៀវលេងម្នាក់ និងបុគ្គលិកម្នាក់ឈរខាងក្រោយ ។ ត្រូវរក្សាគម្លាតចម្ងាយនៅឲ្យឆ្ងាយពីគ្នា ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងធ្វើការសម្អាតសំភារៈឧបករណ៍លេងទាំងអស់ជាមួយនឹងទឹកអាល់កុលជាប្រចាំ មុនពេលកំឡុងពេល និងក្រោយពេលប្រើប្រាស់ដើម្បីសម្លាប់មេរោគ ហ្នឹងហាមចាប់ដៃស្វាគមន៍ ជំនួសដោយការលើកដៃសំពះគ្នាទៅវិញទៅមក ត្រូវពាក់ម៉ាសឲ្យបានត្រឹមត្រូវគ្រប់ពេលវេលា និងធ្វើការត្រួតពិនិត្យ លាងសម្អាតដោយទឹកអាល់កុលលើសម្ភារៈទាំងអស់របស់ខ្លួន មុនពេលដាក់ចូលទៅក្នុងឡានវាយកូនគោល ។ មិនអនុញ្ញាតឲ្យលេងលើសពី៤នាក់ក្នុងមួយក្រុម នឹងអាចយកបុគ្គលិកតែម្នាក់ប៉ុណ្ណោះ សម្រាប់កីឡាករ កីឡាការិនីម្នាក់ៗ នឹងមិនអាចប្រើប្រាស់ឬប៉ះពាល់ឧបករណ៍សម្ភារៈ ក្រៅពីរបស់ផ្ទាល់ខ្លួនឡើយ ៕