រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ អំណោយជាសាប៊ូ និងនំស្រួយ របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ យ៉ាងច្រើនសន្ធឹកសន្ធាប់ ត្រូវបាន លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរ សង្គមកិច្ច រាជធានីភ្នំពេញ យកទៅផ្តល់ជួន កុមារកំព្រា កុមារគថ្លង់ និងកុមារក្រីក្រ នៅតាមចិញ្ចើមថ្នល់ ដែលកំពុងតែថែទាំ និងថែទាំជំនួសនៅតាមមណ្ឌល និងសហគមន៏ ។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរ សង្គមកិច្ច រាជធានីភ្នំពេញ តំណាងអោយ កុមារកំព្រា កុមារគថ្លង់ ក៏ដូចជាតំណាងអោយមណ្ឌលនានា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ជូនចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានឧបត្ថម្ភសាប៊ូដុំចំនួន ៥កេសធំ ស្មើនិង360ដុំតូច,នំផ្អែមសុខភាពលីលីចំនួន៦០កេស, និងនំស្រួយចំនួន ៤០ថង់ធំ គឺក្នុង១ថង់ធំមានចំនួន១០០កញ្ចប់ ជូនដល់កុមារកំព្រា កុមារគ-ថ្លង់ និងកុមារក្រីក្រ ដែលកំពុងជួបការខ្វះខាតនាពេលនេះ។ លោកស្រី បានបញ្ជាក់ថា នេះជាការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទោះជាលោកមានការរវល់ និងមមាញឹកយ៉ាងណាក៏មិនភ្លេចពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងកុមារកំព្រា កុមារគថ្លង់ និងកុមារក្រីក្រឡើយ ។
អំណោយទាំងនោះត្រូវបានយកទៅជូន បន្តទៅដល់ មណ្ឌលគ្រួសារថ្មី គ-ថ្លង់ ទទួលបាននំផ្អែមសុខភាព និងនំស្រួយលីលីចំនួន៥០កេសធំ និងសាប៊ូដុំលាងដៃចំនួន២កេសធំ ស្មើ ១៤៤ ដុំតូច ,មណ្ឌលកុមារកំព្រាភ្នំពេញថ្មី នំផ្អែមលីលី ចំនួន ២០កេះ សាប៊ូដុំលាងដៃចំនួន ១កេះធំ ស្មើ៧២ ដុំតូច , មជ្ឈមណ្ឌលកូលាបទី៤ ទទួលបាននំផ្អែមសុខភាព និងនំស្រួយលីលីចំនួន២០កេសធំ, សាប៊ូដុំលាងដៃចំនួន១កេសធំ ស្មើនឹង៧២ដុំតូច និងមណ្ឌលកុមារកំព្រា(KKEV) ទទួលបាននំផ្អែមសុខភាព នំស្រួយលីលី ចំនួន១០កេសធំ, និង សាប៊ូដុំលាងដៃចំនួន១កេសធំ=៧២ដុំតូចផងដែរ ៕