ទោះជាថ្ងៃឈប់សម្រាកអបអរពិធីបុ ណ្យភ្ជុំបិណ្ឌក៏ដោយ លោក ដួង តារា បា​នឆ្លៀតឱកាសនោះ ជួយសម្រប​ស​ម្រួល និងដោះស្រាយបញ្ចប់វិវាទក្រៅ​​​ប្រព័ន្ធតុលាការជូនប្រជាព​លរ​ដ្ឋ​ ដើម្បីឱ្យមានស្នាមញញឹមអបអរ​ពិ​ធីបុណ្យភ្ជុំបិណ្ឌ

រាជធានីភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ១៥ រោជ ខែភទបទ្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌ លោក ដួង តារា បានអញ្ជើញចូលរួមអាហារសាមគ្គីជាមួយកងពលតូចថ្មើជើងលេខ៥៣ ស្ថិតភូមិកំប្រង់ ឃុំតាក្រី សុក្រកំរៀង ខេត្តបាត់ដំបង។ ទោះជាថ្ងៃឈប់សម្រាកអបអរពិធីបុណ្យភ្ជុំបិណ្ឌក៏ដោយ លោក ដួង តារា បានឆ្លៀតឱកាសនោះ ជួយសម្របសម្រួល និងដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ដើម្បីឱ្យមានស្នាមញញឹមអបអរពិធីបុណ្យភ្ជុំបិណ្ឌ តាមគោលការណ៍ឈ្នះឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

អ្នកមីង សែ នី អាយុ៦៣ឆ្នាំ ជាប្រពន្ធលោក ពេជ្យ ប៊ន (អតីតក្រុមប្រឹក្សាឃុំ-ស្លាប់)នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកស្កាត់សុំជួប លោក ដួង តារា នៅកងពលតូចលេខ៥៣ ដែលជាកន្លែងទទួលទានអាហារសាមគ្គី ដោយក្នុងដៃមានកាន់លិខិតគោរពស្នើសុំអន្តរាគមន៍ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នើសុំរកយុត្តិធម៌។

អ្នកមីង សែ នី មានវិវាទក្នុងរឿងជំពាក់ប្រាក់ ដែលខ្លួនបានខ្ចីប្រាក់ពី អ្នកមីង ជឺ ផិចជូ ចំនួនប្រមាណ ៣០០,០០០បាត(សាមសិបម៉ឺនបាត) តាំងពីឆ្នាំ១៩៩៩។ អស់រយៈពេលប្រមាណ ២១ឆ្នាំកន្លងមកនេះ ជម្លោះរឿងប្រាក់បំណុលរវាងអ្នកទាំងពីរ មិនត្រូវបានដោះស្រាយចប់ឡើយ ដោយសារការប្រាក់ក្លាយជាប្រាក់បំណុលថ្មី ហើយការទូទាត់បំណុលចាស់គ្មានភាពច្បាស់លាស់ គ្មានឯកសារត្រឹមត្រូវតាមផ្លូវច្បាប់ គ្មានសាក្សីដឹងលឺ គ្មានអាជ្ញាធរចូលរួម ជាដើម។ ដោយឯកសារមិនច្បាស់លាស់ ការអះអាងដោយពាក្យសម្តីបកស្រាយយកត្រូវរៀងៗខ្លួន ទើបភាគីទាំងសង​ខាង មានវិវាទនឹងគ្នាឥតឈប់ឈរ រហូតដល់មានការកាត់កងសងបំណុលដោយ ការផ្ទេរទ្រព្យសម្បតិផ្សេងៗ រួមទាំងដីស្រែជាច្រើនហិកតា និងមានការប្តឹងផ្តល់គ្នាឥតឈប់ឈរ រហូតដល់បច្ចុប្បន្ននេះ ។

ដោយសារជម្លោះរាំរ៉ៃខាងលើ បានធ្វើឱ្យ អ្នកមីង សែ នី បាត់បង់អស់ទ្រព្យសម្បតិអស់ពីខ្លួន ប្តីក៏ស្លាប់ ហើយធ្លាក់ខ្លួនក្រលំបាករហូតបាត់បង់ជម្រកស្នាក់នៅ ហើយកូនៗ និងក្រុមគ្រួសារលែងទុកចិត្តគាត់ ដោយសារតែគាត់បានចាញ់ក្តីស្ទួនៗ និងកំពុងប្រឈមមុខច្បាប់ពាក់ព័ន្ធនឹងបណ្តឹងផ្សេងៗ។

ដោយសារតែភាពទាល់ច្រក និងស្រេកឃ្លានយុត្តិធម៌ អ្នកមីង សែ នី បានស្វះស្វែងរកយុត្តិធម៌គ្រប់ច្រកល្ហក ហើយក៏ធ្លាប់ដាក់ពាក្យសុំអន្ត​រាគម​ន៍​ទៅ​គណបក្សធម្មាធិបតេយ្យ តែនៅមិនទទួលបានដំណោះស្រាយ ទើបនៅថ្ងៃភ្ជុំបិណ្ឌនេះ គាត់បានសុំជួប ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានដូចបំណងប្រាថ្នា។

បន្ទាប់ពីបានទទួលស្តាប់រឿងរ៉ាវ និងពិនិត្យឯកសារពាក់ព័ន្ធនានារួចមក លោក ដួង តារា បានទំនាក់ទំនងទៅ ភាគីម្ខាងទៀត គឺអ្នកមីង ជឺ ផិចជូ ដើម្បីជួប និងធ្វើការសម្របសម្រួលគ្នាក្រៅប្រព័ន្ធតុលាការ នៅសណ្ឋាគារស្ទឹងសង្កែរ ខេត្តបាត់ដំបង។ ក្រោយពីបានស្តាប់ការអះអាងរបស់ភាគីទាំងពីរ និងក្តាប់បាននូវអង្គហេតុ និងអង្គច្បាប់ លោក ដួង តារា បានពន្យល់ដល់គូភាគី ពីបញ្ហាខ្វះចន្លោះផ្នែកឯកសាររបស់ភាគីនីមួយៗ តាមផ្លូវច្បាប់ និងចែករំលែកអំពីដំណោះស្រាយបញ្ចប់វិវាទ ដោយផ្អែកលើគោលការណ៍ឈ្នះឈ្នះ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ។ លោក ដួង តារា បានពន្យល់ដល់ គូភាគីថា មានតែការដោះស្រាយស្របតាមគោលការណ៍ឈ្នះឈ្នះរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តីប៉ុណ្ណោះ ដែលអាចផ្តល់ភាពយុត្តិធម៌ពិតប្រាកដ ដល់ភាគីទាំងសងខាងបាន ពោលគឺ លោកបានព្យាយាមពន្យល់ឱ្យភាគីទាំងសងខាង បានឈ្នះទាំងអស់គ្នា បានពិចារណាអំពីការធ្វើសម្បទានឱ្យគ្នាទៅវិញទៅមក អំពីគុណធម៌ មេត្តាធម៌ និងការចែករំលែកសេចក្តីសុខជាមួយគ្នា ក្នុងនា​មជាជនរួមជាតិខ្មែរតែមួយ។

ដោយភាពប៉ិនប្រសព្វក្នុងការសម្របសម្រួលផ្សះផ្សារ លោក ដួង តារាប្រើអស់រយៈពេលជិត៣ម៉ោងប៉ុណ្ណោះ ធ្វើឱ្យជម្លោះជាង ២០ឆ្នាំរវាងគូភាគី ត្រូវបានបញ្ចប់ជាស្ថាពរ ហើយគូភាគីបានយល់ព្រមចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ដែលជាថ្ងៃភ្ជុំបិណ្ឌនេះ។

នៅក្នុងការព្រមព្រៀងនេះ អ្នកមីង សែ នី ព្រមទទួលប្រាក់ឧបត្ថម្ភចំនួន$១០,០០០USD(មួយម៉ឺនដុល្លាអាមេរិក) ពីអ្នកមីង ជឺ ផិចជូ ហើយភាគីទាំងអស់ ធានាដកពាក្យបណ្តឹងទាំងអស់ ដែលបានប្តឹងផ្តល់គ្នាកន្លងមកឱ្យអស់ ដើម្បីបញ្ចប់វិវាទនេះទាំងស្រុង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *