ឯកឧត្ដម យឹម ឆៃលី និងថ្នាក់ដឹក​នាំ​ មន្រ្ដីរាជការខេត្តកំពង់ចាម ចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តសុទស្ស​នា​រាមជ្រោយថ្ម និងវត្តបុទុម្ទរតនដី​ដុះ​ក្នុងក្រុងកំពង់ចាម ខេត្តកំពង់​ចា​ម

ខេត្តកំពង់ចាម  ៖ នៅព្រឹកថ្ងៃ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ទី១០ ខែកញ្ញា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការខេត្តកំពង់ចាម បានចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តសុទស្សនារាមជ្រោយថ្ម ស្ថិតនៅសង្កាត់បឹងកុក និងវត្តបុទុម្ទរតនដីដុះ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោមវត្តមាន ឯកឧត្ដម​ យឹម​ ឆៃលី​ ឧបនាយករដ្ឋមន្ត្រី​ ប្រធាន​ក្រុមប្រឹក្សា​ស្តារអភិវឌ្ឍន៍វិស័យកសិកម្ម​ និងជនបទ ​និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំតាមមន្ទីរ ព្រមទាំងមន្ត្រី រាជការសាលាខេត្ត រួមនឹងពុទ្ធបរិស័ទចំណុះជើងវត្តទាំងពីរ ផងដែរ។

 ក្នុងឱកាស​នៃការចូលរួមកាន់បិណ្ឌទី៨ ក្នុងវត្តទាំងពីរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ឯកឧត្តម ខ្លូត ផន ឯកឧត្តម អ៊ុន ចាន់ដា និង​លោកជំទាវ ព្រមទាំងសមាជិក​ សមាជិ កាព្រឹទ្ធសភា រដ្ឋសភា មណ្ឌល​កំពង់ចាម និងថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំតាមមន្ទីរ ព្រមទាំងមន្ត្រីរាជការទាំងអស់ ​បាន​អញ្ជើញ​អុជ​ ទាន ធូប បួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួតប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំសមាជិក សមា ជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។ ព្រមទាំងបាន​ធ្វើ​ពិធី​បង្សុកូលឧទ្ទិស​កុសលផល​បុណ្យ ដល់​បុព្វការី​ជន មាន​មាតា បិតា ជីដូន​ជីតា ញា​តិ​ការ​ទាំង៧​សណ្ដាន ដែល​បាន​ចែក​ឋាន​ទៅ សូម​បាន​សោយសុខ​ទៅកាន់​ឋាន​សុគតិភព ។

 បុណ្យភ្ជុំបិណ្ឌ ជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរដែលអ្នកកាន់ព្រះពុទ្ធសាសនាគោរពប្រតិបត្តិតាំងពីដូនតារៀងមក។ ជាមួយគ្នានេះពិធីបុណ្យកាន់បិណ្ឌនេះពុទ្ធបរិ ស័ទ ពុទ្ធសាសនិកខ្មែរយើងបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលផលបុណ្យ ទៅឱ្យមាតា បិតា ញាតិកាទាំង៧សន្តានដែលបានចែកឋាន ដើម្បីឱ្យពួកគាត់មកទទួលយកកុសលផលបុណ្យ ទៅកើតក្នុងសុគតិភព ដែលប្រជាពលរដ្ឋខ្មែរមានជំនឿថា អ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ នឹងទទួលកុសលផលបុណ្យទាំងនេះដែលកូនចៅធ្វើឧទ្ទិសទៅឱ្យហើយ ។ ពុទ្ធបរិស័ទជិតឆ្ងាយបានមកជួបជុំគ្នានាំយកចង្ហាន់ ចំណីអាហារ ទៀន ធូប បច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានា។

 ក្នុងពិធីឆ្លងបិណ្ឌវេនទី៨នេះឯកឧត្តម និងលោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមនិងលោកជំទាវជាថ្នាក់ដឹកនាំខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃទាំពីរវត្ត សម្រាប់កសាងសមិទ្ធផលនានានៅក្នុងវត្ត ព្រមទាំងបានចូលរួមរាប់បាត្រផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *