ខេត្តព្រះវិហារ ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខ ដាក់ផែនការ និងផ្សព្វផ្សាយដល់កងកម្លាំង អង្គភាពវរសេនាតូចលេខ១ និង អង្គភាពវរសេនាតូចលេខ២ នៅតាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា-ថៃ ស្តីពីបញ្ហាមួយចំនួនដូចជា៖
– ផ្សព្វផ្សាយពីបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលស្តីពីការលើកពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងដាក់ចេញបទបញ្ជាមួយចំនួនរបស់ប្រមុខរាជរដ្ឋាភិបាល។
– ផ្សព្វផ្សាយបទបញ្ជារបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ស្តីពីការបិទច្បាប់ ទូទាំងកងយោធពលខេមរភូមិន្ទ ដើម្បីត្រៀមប្រយុទ្ធ១០០% និងត្រៀមកម្លាំងរងចាំបទបញ្ជា របស់ថ្នាក់លើ ដើម្បីទប់ស្កាត់រាល់បញ្ហា ដែលកើតមានឡើងជាយថាហេតុផ្សេងៗ ។
– អំពីការចូលរួមជួយ ទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវីដ១៩ និងបញ្ហានៃការឆ្លងរីករាលដាលជម្ងឺកូវីដ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងពិធីនេះដែរ ឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានឧបត្ថម្ភថវិកាជូនដល់ លោកមេបញ្ជាការរងប្រចាំទិស ៣០មឺុនរៀល លោកនាយសេនាធិការរង ២០មឺុនរៀល អង្គភាពវរសេនាតូចលេខ២ ចំនួន២លានរៀល កងអនុសេនាធំទី១ ទី២ ទី៣ មួយកងអនុសេនាធំៗទទួលបានថវិកា ១លាន៥០ម៉ឺនរៀល ចំពោះអង្គភាពវរសេនាតូចលេខ១ ទទួលបានថវិកា៤លានរៀល ផងដែរ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ