រមណីយដ្ឋានទេសចរណ៍អាងជើងគ្រុស កំពុងក្លាយជាតំបន់ទេសចរណ៍ថ្មីទាក់ទាញភ្ញៀវទេសចរណ៍ជាហូរហែ

ខេត្តបន្ទាយមានជ័យ ៖ រមណីយដ្ឋានទេសចរណ៍អាងជើងគ្រុស ស្ថិតក្នុងខេត្តបន្ទាយមានជ័យ កំពុងក្លាយជាតំបន់ទេសច​រណ៍​​​ថ្មីមួយ​ បាន​ទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរទៅលេងកម្សាន្ត ជាហូរហែនៅថ្ងៃឈប់សម្រាក ។

លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បាន​ឲ្យដឹងថា បច្ចុប្បន្នក្នុងខេត្តមានរមណីយដ្ឋានទេសច​​រណ៍​ ​៣កន្លែង​ដែលមាន​សក្ដានុពល ដូចជា ប្រាសាទបន្ទាយឆ្មារ បារាយណ៍មេបុណ្យ និងអាងជើងគ្រុស ស្ថិតក្នុងឃុំបន្ទា​យ​ឆ្មារ ស្រុកថ្មពួក ដែលសុទ្ធសឹងតែជាកន្លែងទាក់ទាញភ្លៀវទេសចរ​ខ្លំាងទំាង​ភ្ញៀវ​ជាតិ និងអន្តរជាតិ ទៅទស្សនាមិនថា​ថ្ងៃបុ​ណ្យ​​​​​និងថ្ងៃធម្មតា។

លោកបានបន្តថា អាងជើងគ្រុសជារមណីយដ្ឋានថ្មីមួយ ដែលទើបបានជួសជុលកែលម្អឡើងវិញនៅក្នុងឆ្នាំ២០១៩  មានដូចជា ការកសាង​​ស្ពាន​​បណ្តែតទឹក មានសេវាកម្មជិះទូកទៅលេងកោះ មានខ្យុសអង្គុយលេងនិងបរិភោគអាហារ ព្រមទាំងមានក​ន្លែង សម្រាប់ឲ្យ​ភ្ញៀវទេសចរឡើងទៅមើលថ្ងៃលិច ។

លោកបានឲ្យដឹងថា សព្វថ្ងៃនេះមានភ្ញៀវដែលទៅកម្សាន្តជាច្រើន ដោយសារតែអាងមានទឹកធំល្វឹងល្វើយ មានទេសភាពស្រស់ស្អាត ផ្ទៃទឹកដូចជាប់ជើងមេឃនិងជាប់ជួរភ្នំដងរែកចែកខណ្ឌសីម៉ាព្រំដែនកម្ពុជា ថៃ មានរានហាលនិងពន្លាសម្រាប់អង្គុយ ឈរ និងផ្តិតរូបថតក្រោមអាកាសធាតុត្រជាក់ លាយឡំក្លិនផ្កាស្មៅ និងក្លិនស្រូវក្រអូបប្រហើរឈ្ងុយឈ្ងប់  ព្រមទំាង មានទំនប់ទឹកដ៏វែង និងមានទូកសម្រាប់ជិះ​កម្សាន្ត ឆ្លងទៅគោរពទីសក្ការៈនៅទួលស័ក្តិសិទ្ធិជា​ដើម។

លោកបានបន្ថែមថា ចំពោះផ្លូវធ្វើដំណើរគឺមានភាពងាយស្រួលដោយផ្លូវចាក់កៅស៊ូ ដែលមានចម្ងាយ៦៥ គីឡូម៉ែត្រ ដល់ប្រា​សាទបន្ទាយឆ្មារហើយ បន្តទៅមុខ៥គីឡូម៉ែត្របន្ថែមទៀតជាផ្លូវគ្រួសក្រហម ទើបទៅដល់ទីនោះ។

លោក ឈឿន សេរីវុធ បានឲ្យដឹងថា មន្ទីរទេសចរណ៍ក៏បានរៀបចំទទួលភ្ញៀវទេសចរ នៅពេលឈប់សម្រាកជំនួសថ្ងៃចូលឆ្នាំចាប់ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ ២០២០នេះ  ហើយបានណែនាំឲ្យអាជីវករ រៀបចំសណ្តាប់ធ្នាប់  រក្សាអនាម័យ និង វិធានការបង្ការ ទប់ស្កាត់ពីការរីករាលដាល នៃជំងឺកូវីដ១៩ ។

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យមានរមណីយដ្ឋានប្រវត្តិសាស្រ្ត២កន្លែង រមណីយដ្ឋានធម្មជាតិ៥កន្លែង និងរមណីយដ្ឋានកែច្នៃចំនួន៤កន្លែង ៕

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *