ខ្លែងចំនួន១៣៨ បង្ហាញវត្តមានក្នុងពិធីបុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី លើកទី២ ដើម្បីលើកកម្ពស់វប្បធម៌អរូបីយ និងទាក់ទាញភ្ញៀវទេសចរ

ចេញផ្សាយ៖ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦

សៀមរាប៖ ដើម្បីអភិរក្ស និងលើកកម្ពស់ប្រពៃណីបង្ហើរខ្លែង ដែលជាកេរមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិ ចូលរួមផ្សព្វផ្សាយអំពីសក្ដានុពលសម្បត្តិវប្បធម៌ទាំងរូបី និងអរូបីរបស់ខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប សហការជាមួយបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធរៀបចំពិធីបុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី លើកទី២ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ដោយមានខ្លែងចំនួន១៣៨ ចូលរួមក្នុងព្រឹត្តិការណ៍នេះ។

លោក លី សារី អភិបាលរងខេត្ត មាប្រសាសន៍ថា ការបង្ហើរខ្លែងខ្មែរ មិនគ្រាន់តែបង្កបរិយាកាសឱ្យប្រជាជន សាធារណជនមានការសប្បាយរីករាយ និងទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាជាការផ្ទេរនូវចំណេះដឹងខាងទំនៀមទម្លាប់ប្រពៃណីដល់យុវជនជំនាន់ក្រោយឱ្យបានស្គាល់ យល់ដឹង និងចូលរួមប្រតិបត្តិ ថែរក្សាការពារ លើកស្ទួយអត្តសញ្ញាណជាតិ ចូលរួមយ៉ាងសកម្មក្នុងការសិក្សាស្រាវជ្រាវ ចងក្រងរក្សាទុកជាឯកសារបេតិកភណ្ឌវប្បធម៌មួយនេះឱ្យបានស្ថិតស្ថេរគង់វង្ស។

លោក លី សារី បញ្ជាក់ថា ពិធីបុណ្យបង្ហើរខ្លែងឯក គឺជាពិធីមួយដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វប្បធម៌អរូបីយនិងទាក់ទាញភ្ញៀវទេសចរ ឱ្យបានស្គាល់ប្រទេសកម្ពុជា ក៏ដូចតាមរយៈការបង្ហើរខ្លែងដែលមានការរចនាតុបតែងលំអចម្រុះពណ៌គ្នាលើទឹកដីអង្គរ។ លោកបន្តថា ដើម្បីធានាបាននូវសុខសុវត្ថិភាពក្នុងពិធី សូមឱ្យសាធារណៈជនដែលចូលមកទស្សនា ត្រូវមានស្មារតីចូលរួមធ្វើអនាម័យ បរិស្ថាន ឱ្យបានល្អប្រសើរ ដោយត្រូវវេចខ្ចប់សំរាម កាកសំណល់នានា ដាក់ចូលធុងសំរាម និងមិនត្រូវចូលទីតាំងដែលគ្មានការអនុញ្ញាត និងហាមដាច់ខាតដុតស្មៅ ឬបោះកន្ទុយបារី។ បន្ថែមពីនេះប្រតិភូខ្លែង ត្រូវមានស្មារតីសាមគ្គីយោគយល់អធ្យាស្រ័យគ្នាក្នុងការប្រកួតប្រជែង ជៀសវាងការបញ្ចេញអាកប្បកិរិយាមិនសមរម្យ ធ្វើឱ្យប៉ះពាល់ដល់តម្លៃសីលធម៌ សេចក្ដីថ្លៃថ្នូររបស់ជាតិ។

បើតាម លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងថា ព្រឹត្តិការណ៍បង្ហើរខ្លែងឆ្នាំនេះ មានប្រតិភូខ្លែងមកពីបណ្តាក្រុងស្រុកអង្គភាពមន្ទីរ វិស័យឯកជន ក្នុងខេត្តសៀមរាប បាននាំយក ខ្លែងឯក ខ្លែងសេរី ខ្លែងកិត្តិយសនិងខ្លែងតូចៗ សរុបចំនួន១៣៨ ក្នុងនោះក៏មានប្រតិភូខ្លែងមកពីបណ្តារាជធានីខេត្ត មានដូចជា ខេត្តស្ទឹងត្រែង ពោធិ៍សាត់ រាជធានីភ្នំពេញ កណ្ដាល និងខេត្តស្វាយរៀង៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស

កែសម្រួល៖ លោក អ៊ុន ណារាជ្យ

មន្ទីរព័ត៌មានខេត្តសៀមរាប

បច្ចេកទេសផ្សាយបន្ត៖ SRBREAKING NEWS

សារព័ត៌មានពន្លឺខ្មែរអមតៈ៚សារព័ត៌មានខេមេឌៀញូស

You might like

Leave a Reply

Your email address will not be published. Required fields are marked *