អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យអ្នកពាក់ព័ន្ធយកចិត្តទុកដាក់ពីបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ និងអនាម័យក្នុងព្រឹត្តិការណ៍បុណ្យខ្លែងឯកខ្លែងសេរី

ចេញផ្សាយ៖ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦

សៀមរាប៖ តំណាង លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោក លី សារី អភិបាលរងខេត្តនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ថ្លែងថា ក្នុងឱកាសបុណ្យខ្លែងឯក ខ្លែងសេរី លើកទី២ នៅខេត្តសៀមរាប នឹងរៀបចំឡើងចាប់ពីថ្ងៃទី២០ ដល់ទី២២ ខែកុម្ភៈឆ្នាំ២០២៦ ដោយក្រៅពីកម្មវិធីបង្ហើរខ្លែង ក៏មានកម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុកពិព័រណ៍បន្លែផ្លែឈើ ពិព័រណ៍ម្ហូបអាហារ ភូមិមួយផលិតផលមួយ ការដាក់តាំងបង្ហាញផលិតផលក្នុងស្រុក ដើម្បីជួយជ្រោមជ្រែងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ផ្ទាល់ការសម្ដែងល្ខោនបាសាក់ ល្ខោននិយាយ ការប្រគុំតន្ត្រីបុរាណ និងសម័យនាំពេលរាត្រីជាដើម។ ពិធីនេះ ត្រូវបានរំពឹងថានឹងក្លាយជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់មួយ ដែលមិនត្រឹមតែបង្ហាញពីស្នាដៃឯករបស់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការលក់ដូរផលិតផលខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។

លោក លី សារី អភិបាលរងខេត្ត បានបង្ហាញថា ព្រឹត្តិការណ៍ឆ្នាំនេះ មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាការដាស់ស្មារតីយុវជនឱ្យឈ្វេងយល់ពីមរតកដូនតា ដោយយើងជំរុញឱ្យសិស្សានុសិស្ស និងយុវជនមកទស្សនាឱ្យបានច្រើន ដើម្បីបណ្ដុះស្មារតីស្រឡាញ់ និងរួមគ្នាថែរក្សាសិល្បៈនៃការធ្វើខ្លែងខ្មែរកុំឱ្យបាត់បង់។ លោកបានបន្តថា ដើម្បីធានាឱ្យព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យប្រព្រឹត្តទៅដោយរលូន និងសប្បាយរីករាយ អាជ្ញាធរខេត្តសៀមរាប បានជំរុញឱ្យអ្នកពាក់ព័ន្ធពង្រឹងបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់អនាម័យ និងតម្លៃសេវាផ្សេងៗ ក្នុងឱកាសបុណ្យខ្លែងឯក ខ្លែងសេរី លើកទី២ នៅខេត្តសៀមរាប ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

លោកក៏បានជំរុញឱ្យមានការត្រួតពិនិត្យ និងបង្ការការលួចលាក់ផ្ទុកអាវុធជាតិផ្ទុះគ្រប់ប្រភេទ ដើម្បីបញ្ចៀសហានិភ័យជាយថាហេតុ។ ជាពិសេសត្រូវមានការបិទផ្សាយតម្លៃចំណតយានយន្តឱ្យបានច្បាស់លាស់នៅច្រកចូល ដើម្បីការពារការយកតម្លៃលើសកំណត់ ដែលអាចប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ និងរៀបចំឱ្យមានសោភ័ណភាពស្អាតជានិច្ច ទាំងក្នុង និងជុំវិញតំបន់ប្រារព្ធពិធី។

លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងថា មកទល់ពេលនេះខ្លែងដែលចុះឈ្មោះចំនួន ៨៥ខ្លែង ក្នុងនោះខ្លែងឯក៥៦ខ្លែង ខ្លែងសេរី២៩ខ្លែង។ ជាមួយនេះចំពោះអ្នកដែលមានបំណងយកខ្លែងឯកខ្មែរ ឬខ្លែងសេរី មកចូលរួមប្រកួតបង្ហើរសូមមេត្តាអញ្ជើញមកទទួលពាក្យ និងដាក់ពាក្យស្នើសុំចូលរួមប្រកួតពីក្រុមការងារអនុគណៈកម្មការគ្រប់គ្រង និងបច្ចេកទេសនៃការបង្ហើរខ្លែងឯកខ្មែរ ដែលមានទីតាំងនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ៕លុច ណាម

You might like

Leave a Reply

Your email address will not be published. Required fields are marked *