ចេញផ្សាយ៖ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦
សៀមរាប៖មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាបនិងអាជ្ញាធរ
ពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ក្នុងភូមិសាស្ត្រខេត្ត រហូតធ្វើឱ្យអត្រាបទល្មើសមានការថយចុះគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ
ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក៏បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តកិច្ចការងារសំខាន់ៗ រួមមាន៖ ការពង្រឹងការផ្សព្វផ្សាយ ដោយត្រូវដាស់តឿនប្រជា
ពលរដ្ឋកុំឱ្យចាញ់បោកមេខ្យល់ដែលអូសទាញឱ្យឆ្លងដែនខុសច្បាប់ ឬធ្វើចំណាកស្រុកដោយប្រថុយប្រថាន ដែលអាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត ឬធ្លាក់ខ្លួនជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស។ ជាពិសេសត្រូវរួមគ្នាអនុវត្តវិធានការសរុប និងធនធានសរុបដើម្បីបង្ក្រាបរាល់បទល្មើសជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ជាពិសេសលើស្ត្រី និងកុមារ។
លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម ប្រាក់ សោភ័ណអភិបាលខេត្ត រដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ តាមរយៈការបង្កើនការស្រាវជ្រាវ និងបង្ក្រាបឱ្យទាន់ពេលវេលា, ផ្តន្ទាទោសជនល្មើសឱ្យបានធ្ងន់ធ្ងរតាមនីតិវិធីច្បាប់ និងជំរុញការផ្តល់សេវាផ្នែកច្បាប់ និងសង្គមកិច្ចដល់ជនរងគ្រោះ និងជនងាយរងគ្រោះ។
តាមរបាយការណ៍បានបង្ហាញថា បទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទក្នុងខេត្តសៀមរាប ក្នុងឆ្នាំ២០២៥ មានការថយចុះបើធៀបនឹងឆ្នាំ២០២៤ ដែលនេះជាសញ្ញាវិជ្ជមាននៃការរឹតបន្តឹងសន្តិសុខ និងសុវត្ថិភាពសង្គម។ លោកស្រីអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័នពាក់ព័ន្ធ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូជាតិ–អន្តរជាតិ ដែលបានសហការយ៉ាងស្អិតរមួត ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបទាំងមូល៕លុចណាម
មន្ទីរព័ត៌មានខេត្តសៀមរាប
អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

