ខេត្តកំពង់ធំ ៖ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ កម្ពុជាជំរុញការអភិរក្សសត្វខ្សឹប ឬ ក្ងោកទេព ឬ ទ្រមាក់អណ្ដើក សំដៅបង្កើនធនធានជីវៈចម្រុះ និងបម្រើដល់វិស័យអេកូទេសចរណ៍ ខណៈវត្តមានបក្សីមួយនេះនៅសល់តិចតួចបំផុតនៅលើពិភពលោក។
លោក ស៊ុម ភារុណ ទីប្រឹក្សាបច្ចេកទេសគម្រោងអភិរក្សសត្វខ្សឹបនៃអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា ហៅកាត់ WCS បានបញ្ជាក់ថា ការអភិរក្សសត្វស្លាបដ៏កម្រនេះអាចធ្វើបានដោយរក្សាទីជម្រក វាលស្មៅនៅតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ដើម្បីជាប្រភពផ្តល់ចំណី និងពួកវាពងកូននៅរដូវប្រាំង។
ថ្លែងក្នុងឱកាសប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញអង្គការអភិរក្សសត្វព្រៃ ព្រមទាំងអ្នកសារព័ត៌មានចុះទស្សនាគម្រោងអភិក្សសត្វខ្សឹប ក្នុងតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោក ស៊ុម ភារុណ បានបញ្ជាក់ថា ចំនួនសត្វក្សឹបនៅកម្ពុជា កំពុងទទួលរងនូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរតាមរយៈការបាត់បង់ទីជម្រក ដោយសារការបំលែងដីវាលស្មៅធម្មជាតិទៅជាវាលស្រែប្រាំង ប្រព័ន្ធធារាសាស្ត្រ ការបរបាញ់ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងតំបន់ និងផលប៉ះពាល់ពីខ្សែរបណ្តាញអគ្គិសនីដែលបណ្តាលឲ្យមានការហើរបុកស្លាបជារឿយៗ។ លោកឲ្យដឹងថា ចំនួនសត្វខ្សឹបនៅកម្ពុជា ដែលត្រូវបានប៉ាន់ប្រមាណនៅក្នុងឆ្នាំ២០១៨ មានចំនួនប្រហែល១០៤ក្បាល បន្ទាប់ពីការជំរឿនកាលពីឆ្នាំ២០០៧មានចំនួនប្រមាណ៣៧០ក្បាល ស្មើនឹង៥៧,១៤ភាគរយ នៃចំនួនសរុបនៅលើពិភពលោក ហើយកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសឥណ្ឌា នេប៉ាល់ និងបង់ក្លាដេសដែលមានវត្តមានសត្វស្លាបប្រភេទនេះនៅលើពិភពលោក។
បើតាមការឲ្យដឹងរបស់ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា សត្វខ្សឹបនៅកម្ពុជាច្រើនរស់នៅតំបន់បឹងទន្លេសាប និងអាចធ្វើការពងកូនម្តង បានចំនួនត្រឹមតែ២តែប៉ុណ្ណោះ ដែលកត្តានេះទាមទារការអភិរក្ស និងការពារពីការគំរាមគំហែងផ្សេងៗ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមគ្នាជាមួយ ក្រុមអង្គការអភិរក្សព្រៃឈើ និងសត្វព្រៃ បានសហការគ្នាគាំទ្រដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ចូលរួមការពារ និងអភិរក្សសត្វខ្សឹប តាមរយៈការពារទីជម្រក និងបញ្ឈប់ការបរបាញ់សត្វគ្រប់ប្រភេទ។
លោក ញ៉ឹប ញឿន អ្នកសម្របសម្រួលសហគមន៍នៃគម្រោងអភិរក្សសត្វខ្សឹបរបស់អង្គការ WCS បានឲ្យដឹងថា តំបន់ការពារទេសភាពនេះ ប្រជាពលរដ្ឋអាចទទួលប្រាក់ចំណូលពីការយាមសំបុកសត្វខ្សឹប ដែលក្នុងមួយសំបុកៗ មានចំនួនទឹក៤០ដុល្លារអាមេរិក។
ក្រសួងបរិស្ថាន បានឲ្យដឹងថា តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាបគ្របដណ្តប់លើផ្ទៃដីជាង៣ម៉ឺនហិកតា(៣១.១៥៩ហិកតា)នៅក្នុងខេត្តកំពង់ធំ និងសៀមរាប ហើយក៏ជាទីជម្រកចុងក្រោយរបស់សត្វខ្សឹបនៅក្នុងប្រទេសកម្ពុជា៕