ភ្នំពេញ ៖ ប្រភពបានអះអាងមកថា៖ មានបនល្បែងសុីសង ហ្គេមបាញ់ត្រី ខុសច្បាប់និងល្បែងផ្សេងៗទៀត ពីកន្លែងក្បែរគ្នានេះ ផ្លូវបេតុង លេខ៤១ ចុះពីផ្លូវ វិថីព្រះនរោត្តម ប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានធ្វើសកម្មភាពបើកលេងទាំងយប់ទាំងថ្ងៃយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានវិធានការទប់ស្កាត់ និងបង្ក្រាបឡើយ! ហ៊ានផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់ដឹងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ របស់ រដ្ឋាភិបាល ។
បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា៖ ទីតាំងបនល្បែងស៊ីសង ហ្គេមបាញ់ត្រីខុសច្បាប់គ្រប់ប្រភេទ បីកន្លែងនៅក្នុងក្នុងមូលដ្ឋានខាងលើ អ្នកញៀនល្បែងនាំគ្នាចេញចូលលេងយ៉ាងអនាធិបតេយ្យ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប! សង្ស័យជាឆ្នាំងបាយរបស់លោក អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហើយមើលទៅ។
បញ្ហានេះប្រជាពលរដ្ឋធ្លាប់លើកឡើងជារើយៗ កំពុងធ្វើឲ្យពួកគាត់ព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ កើតមានអសន្តិសុខ កើតនូវ អំពើហឹង្សា ណាមួយទៀត ខ្លាចបញ្ហាអំពើចោរកម្ម និងបទល្មើសផ្សេងទៀត ដូចជា លួច ឆក់ ប្លន់ គាស់ផ្ទះសម្បែងជាដើម។
ដូច្នេះហើយប្រជាពលរដ្ឋ និងមហាជនទូទៅ សូមស្នើយ៉ាងទទូចទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ឧត្តមសេនីយ៍ទោ ជូន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចាត់កូនចៅក្រោមឱវាទចុះត្រួតពិនិត្យ និងមានវិធានការទប់ស្កាត់ បង្ក្រាប ទីតាំងបនល្បែងសុីសង ហ្គេមបាញ់ត្រី ខុសច្បាប់គ្រប់ប្រភេទ បីកន្លែងក្បែរគ្នានៅក្នុងមូលដ្ឋានខណ្ឌចំការមននេះផង ៕