រដ្ឋមន្ត្រីក្រសួងទេសចរណ៍ វិស័យទេ​ស​​ចរណ៍កម្ពុជាបាត់បង់ចំណូលជា​ង​៣​ពាន់លានដុល្លារ ក្នុងរយៈពេល​៤​ខែ​ ដើមឆ្នាំ២០២០នេះ

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី​​​៥ ខែមិថុនា ឆ្នាំ២០២០ កម្ពុជាបាត់បង់ប្រាក់ចំណូលប្រមាណ ៣ពាន់លានដុល្លារអាមេរិក ក្នុងរ​យៈ​ពេល៤ខែ ដើមឆ្នាំ២០២០នេះ ដោយចំនួនទេស​ច​រ​​​អន្តរជាតិធ្លាក់ចុះក្នុងរង្វង់ប្រមាណ៧០ភាគរយ និងភ្ញៀវទេសចរក្នុងស្រុក​អា​ចធ្លាក់ចុះក្នុងរង្វង់ប្រមាណ ៥០ភាគរយ។នេះបើតាមការឲ្យដឹងរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធី​ផ្ស​ព្វផ្សាយបទដ្ឋានគតិយុត្តដាក់ឲ្យអនុវត្តវិធានសុ​វត្ថិភាពទេ​ស​ច​រណ៍ (ជំហ៊ានទី១) សម្រាប់ដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ-១៩ ដ​ល់​រដ្ឋបាលថ្នាក់ក្រោមជាតិ និង ផ្នែកឯកជនក្នុងវិស័យទេស​ចរណ៍។
ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២០នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន១,១៦​លា​ន​នាក់ ធ្លាក់ចុះក្នុងអត្រា៥២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ការធ្លាក់ភ្ញៀវទេសចរនេះបានធ្វើឲ្យដំណើរការអាជីវ​ក​ម្មទេសចរណ៍បិទទ្វារសរុប២.៩៥៦ទីតាំង និងការងារផ្ទាល់ក្នុងវិស័យទេសចរណ៍ចំនួនសរុប៤៥.៤០៥ នាក់ ក្នុងនោះរួមមាន៖ស​ណ្ឋា​គារដែលបានបិទចំនួន៣២៤ សណ្ឋា​គារ និងប៉ះពាល់បុគ្គលិកសរុប១៤.៥៥៧នាក់។ ផ្ទះសំណាក់ បានបិទចំនួន៤០៥ទីតាំង និ​ង​ប៉ះពាល់បុគ្គលិកចំនួន ២.០៨៧ នាក់។ ភោជ​នី​យ​ដ្ឋានបានបិទចំនួន ៣៨៥ ទីតាំង និងប៉ះពាល់បុគ្គលិកចំនួន៣.៥៨៥ នាក់។ ក​ន្លែងម៉ាស្សាត្រូវបានបិទចំនួន ៦៤៤ ទីតាំង និងប៉ះពាល់បុ​គ្គលិកចំនួន៦.៧២២ នាក់។ សេវាកម្មទីភ្នាក់ងារទេសចរណ៍បា​ន​បិ​ទ​ចំនួន ៥១ ទីតាំង និងប៉ះពាល់បុគ្គលិកចំនួន២៥០នាក់។ មគ្គុទេ្ទសក៏ ទេស​ច​រណ៍​ដែលបានព្យួរអាជ្ញាបណ្ណទេសចរណ៍ចំនួន ១១​៨​ នាក់។ ចំពោះអាជីវកម្មខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀរហ្គាឌិន ដែលត្រូវបិទអាជីវកម្មទូទាំ​ង​ប្រទេសទាំងស្រុង មានចំ​នួ​ន​១,​១​៤៧ អាជីវកម្ម និងប៉ះពាល់បុគ្គលិកបម្រើការងារធ្វើចំនួន១៨.២០៤ នាក់។
ទោះជាយ៉ាងនេះក្តី ឯកឧត្តម បានអះអាងថា វិស័យទេសចរណ៍កម្ពុជា មានសញ្ញាណវិជ្ជមានឡើងវិញ ចាប់តាំងពីដើមខែឧសភាកន្លងទៅនេះ ដោ​យ ភ្ញៀវទេសចរជាតិ និងបរទេសផ្ទៃក្នុង បានដើរកម្សាន្តនៅគោលដៅទេសចរណ៍នានានៅក្នុងប្រទេស មាន​ចំ​នួនប្រមាណ ១៥១.៤៥២ នា​ក់​ កើនឡើង៤២,០៧ភាគរយ បើធៀបនឹងខែមេសា ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួនប្រ​មា​ណ​ ​១០១.១៥១នាក់ និងភ្ញៀវអន្តរជាតិមានចំនួ​ន​២,៣០១នាក់។
សូ​ម​បញ្ជាក់ថា ក្រសួងទេសចរណ៍បានរៀបចំ និងដាក់ចេញវិធានសុវត្ថិភាពទេសចរណ៍ក្នុងដំណាក់កាលទប់ស្កាត់ការរីករាលដាលនៃ​ជំងឺកូវីដ-១៩ ចំនួន ៦សេវាកម្ម ដែលកំពុងដំណើរការអាជីវកម្មរួមមាន៖ សម្រាប់សណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍, សេ​វាកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍, សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក, សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវ​គោ​ក​, រមណីយដ្ឋានទេសចរណ៍, និងសហគមន៍ ទេសចរណ៍ តាមរយៈការអនុវត្តវិធានការរក្សាអនាម័យ និងភាពស្អាត, រក្សាសុវ​ត្ថិភា​ព​​​ម្ហូបអាហារ និងការរក្សាគម្លាតសុវត្ថិភាព ជាដើម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *