(ព្រះសីហនុ)៖ នៅរសៀលថ្ងៃចន្ទទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (SOP) ដើម្បីត្រៀមលក្ខណៈទទួលទេសចរណ៍អន្តរជាតិវ៉ាក់សាំង ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
មក
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ដោយអនុញ្ញាតឱ្យរាជធានីខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំង។
ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអ្នកដំណើរចូលមកកម្ពុជា តាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ គ្រាន់តែធ្វើតែត្រូវធ្វើតេស្តរហ័ស ឬតេស្ត PCR។ ដោយឡែកចំពោះអ្នករត់តាក់ស៊ីដឹកភ្ញៀវ ក៏ត្រូវមានប័ណ្ណចាក់វ៉ាក់សាំង បើមិនមានប័ណ្ណចាក់វ៉ាក់សាំងមិនអនុញ្ញាតឱ្យចូលអាកាសយានដ្ឋានអន្តរជាតិឡើយ ហើយអាកាសយានដ្ឋានអន្តរជាតិ ត្រូវគ្រប់គ្រងអ្នករត់តាក់ស៊ីឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការដណ្តើមភ្ញៀវគ្នានាំឱ្យបាត់បង់សណ្តាប់ធ្នាប់។ ចំពោះភ្ញៀវទេសចរណ៍ចូលតាមផ្លូវទឹក មុនពេលចុះពីលើនាវាត្រូវធ្វើតេស្តរកមេរោគកូវីដជាមុនសិន ដូច្នេះត្រូវជូនដំណឹងមករដ្ឋបាលខេត្តជាមុន ដើម្បីងាយស្រួលត្រៀមក្រុមគ្រូពេទ្យចុះយកសំណាកពីភ្ញៀវបានទាន់ពេលវេលា។
ជាមួយគ្នានេះរាជរដ្ឋាភិបាល ក៏អនុញ្ញាតឱ្យញែកភ្ញៀវទេសចរជាពីរ ដោយទី១-ទេសចរណ៍ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស អនុញ្ញាតឱ្យគាត់ធ្វើតេស្តរហ័ស ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ ទី២-ចំពោះភ្ញៀវមិនទាន់ចាក់វ៉ាក់សាំង ចូលមកកម្ពុជា តម្រូវឱ្យពួកគាត់ធ្វើតេស្ត PCR ពីរលើក និងធ្វើចត្តាឡីស័ក ១៤ថ្ងៃ ទើបអនុញ្ញាតឱ្យគាត់ធ្វើដំណើរកម្សាន្ត។
ឯកឧត្តមអភិបាលខេត្ត បានប្រកាសជូនសាធារណជនដែលមិនមានឯកសារ ដើម្បីចាក់វ៉ាក់សាំង សូមទៅកាន់សាលាឃុំ សង្កាត់ ឱ្យអាជ្ញាធរបញ្ជាក់លិខិតជូន ដើម្បីមានឯកសារគ្រប់គ្រាន់ក្នុងការចាក់វ៉ាក់សាំងបានទាន់ពេលវេលា។
ឯកឧត្តមក៏បានណែនាំដល់ប្រធានមន្ទីរអង្គភាពទាំងអស់ ត្រូវចាប់ផ្តើមអនុវត្ត ដោយផ្តោតសំខាន់លើប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គការសង្គមស៊ីវិល ដែលត្រូវចូលទៅមន្ទីរ អង្គភាពណាមួយ ឬចូលសាលាខេត្ត សាលាក្រុងស្រុក ឃុំសង្កាត់ ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងជាមុនទើបអនុញ្ញាតឱ្យចូល។ យើងចាប់ផ្តើមត្រួតពិនិត្យប័ណ្ណចាក់វ៉ាក់សាំង ប្រសិនប្រជាពលរដ្ឋ ឬភ្ញៀវទេសចរណាមិនបានចាក់វ៉ាក់សាំងត្រូវមានលិខិតបញ្ជាក់សុខភាពពីក្រុមគ្រូពេទ្យទើបអនុញ្ញាតឱ្យចូល៕