(សៀមរាប).សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ថវិកាជាង៣លានដុល្លាទៀតដល់អាជ្ញាធរខេត្តសៀមរាបសម្រាប់ប្រើប្រាស់ក្នុងការ តភ្ជាប់បណ្ដាញលូទឹកភ្លៀង និងទឹកកខ្វក់ជូនពលរដ្ឋ និងសាងសងចំណតរថយន្ដ នៅក្នុងក្រុងសៀមរាប
ថ្លែងនៅក្នុងសន្នីសីទសារព័ត៌មានមួយ នៅខេត្ដសៀមរាប នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជណាចក្រកម្ពុជា បានផ្ដល់ថវិកាបន្ថែមជាង ៣លានដុល្លាទៀត ដល់អាជ្ញាធរខេត្តសៀមរាប សម្រាប់ប្រើប្រាស់ក្នុងការតភ្ជាប់បណ្ដាញលូរទឹកភ្លៀង និងទឹកកខ្វក់ ពីផ្ទះប្រជាពលរដ្ឋចូលប្រព័ន្ធលូសាធារណៈរបស់រដ្ឋនៅលើគម្រោងផ្លូវ ៣៨ខ្សែ និងដើម្បីសាងសងចំណតរថយន្ដ ក្នុងក្រុងសៀមរាប ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ទៀតថា កន្លងមកប្រជាពលរដ្ឋបានស្នើសុំតភ្ជាប់នូវប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ពីផ្ទះពួកគាត់ចូលក្នុងបណ្តាញលូររបស់រដ្ឋ ដោយត្រូវបង់ប្រាក់ និងបញ្ហាប្រឈមមួយទៀតនោះ គឺចំណតរថយន្ត ប៉ុន្តែឥឡូវសម្រាប់បញ្ហាទាំងនេះ ត្រូវបានដោះស្រាយរួចរាល់ហើយ ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានសម្រេចផ្ដល់ថវិកាបន្ថែមចំនួន ៣លាន ៨សែនដុល្លាអាមេរិច សម្រាប់គម្រោងតភ្ជាប់បណ្ដាញលូរទឹកភ្លៀង និងទឹកក្វក់ ចូលប្រព័ន្ធលូររដ្ឋ របស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវ ៣៨ខ្សែនោះ ហើយប្រជាពលរដ្ឋមិនត្រូវចំណាយថវិកាខ្លួនឯងនោះទេ។ បច្ចុប្បន្នសម្រាប់ប្រព័ន្ធលូរទឹកភ្លៀង និងទឹកកខ្វក់ មានចំនួនប្រមាណជាង ១ម៉ឺន ២ពាន់កន្លែង ដែលនៅតាមសងខាងគម្រោងផ្លូវចំនួន ៣៨ខ្សែ និងចំណរថយន្ដមានប្រវែងជាង ២ពាន់ម៉ែត្រ ហើយគម្រោងថវិកាជាង ៣លានដុល្លា របស់សម្ដេចតេជោ នាពេលនេះ គឺជាចំណងដៃថ្មីមួយទៀត សម្រាប់អ្នកខេត្ដសៀមរាប បន្ទាប់ពីគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ។
សម្ដេចពិជ័យសេនា បានមានប្រសាសន៍បន្ថែមថា វឌ្ឍភាពហេដ្ឋាចរនាសម័ន្ធផ្លូវ ៣៨ខ្សែក្នុងខេត្តសៀមរាបមកដល់ពេលនេះ បានសម្រេចបានលទ្ធផល ៩០ភាគរយហើយ ដែលនឹងគ្រោងបញ្ចប់ការសាងសង់នៅចុងខែធ្នូខាងមុខនេះ។ សមិទ្ធិផលនេះ គឺជាការចូលរួមកែលំអរនូវសោភណ្ឌភាពទីក្រុងប្រវត្តិសាស្ត្រមួយនេះ ឱ្យក្លាយជាទីក្រុងដ៏ទំនើប ពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការ រស់នៅឱ្យសក្ដិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ ជាពិសេសនឹងអាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាប ទៅកាន់តំបន់ដាច់ស្រយាលផងដែរ។ ជាគ្នានេះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៍បានអំពាវដល់ប្រជាពលរដ្ឋឱ្យចូលរួមជួយថែរក្សានូវហេដ្ឋារចនាសម្ព័ន្ធដែលនឹងសម្រេចបាននាពេលខាងមុខសម្រាបក្រុងសៀមរាបនេះ ឱ្យបានគង់វង់ និងមានសោភណ្ឌភាពល្អទាំងអនាម័យ និងបរិស្ថានទាំងអស់គ្នា ដើម្បីទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិកាន់តែច្រើនឡើងថែមទៀត។
……………សម្លេង សម្ដេចពិជ័យសេនា ទៀ បាញ់ ០១……………
សូមជម្រាបថា គម្រោងសាងសង់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប មានប្រវែងសរុប ១០៦,៤២៤គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩.២១៦.៥៩៥ដុល្លារអាមេរិក នឹងចំណាយពេលសាងសង់ចំនួន១៣ខែ ហើយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១៕ដោយ៖ សុខណា