សេចក្តីប្រកាស ស្តីពីវត្តអារាម ដែលស្ថិតក្នុងតំបន់ក្រហម នៅសៀមរាប ប៉ះចំថ្ងៃកាន់បិណ្ឌ គែមិនត្រូវបានអនុញ្ញាតឱ្យរៀបចំពិធីនោះទេ.!

(ក្រុងសៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ បានប្រកាសថា៖ វត្តអារាមស្ថិតនៅតំបន់បិទខ្ទប់ ដែលជាតំបន់ក្រហម មិនអនុញ្ញាតឱ្យរៀបចំពិធីកាន់បិណ្ឌនោះទេ។

លោក វណ្ណ ប៊ុណ្ណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប ឱ្យដឹងថា រដ្ឋបាលខេត្តបានដាក់ភូមិសាស្ត្រចំនួន ៤ សង្កាត់ និងភូមិចំនួន៣ នៃសង្កាត់ចំនួន ២ផ្សេង

ទៀតនៃក្រុងសៀមរាប ជាតំបន់ក្រហម កាលពីថ្ងៃទី ១៧ ខែកញ្ញា រយៈពេល ១សប្តាហ៍ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកញ្ញា មានចំណុចមួយចំនួនមិនត្រូវបានអនុញ្ញាតឲ្យមានការធ្វើដំណើរ ឬមានការជួបជុំឡើយ។

 

លោក វណ្ណ ប៊ុណ្ណា មានប្រសាសន៍ទៀតថា ក្នុងភូមិ និងសង្កាត់ដែលត្រូវដាក់ជាតំបន់ក្រហមនោះ ក៏មានវត្តអារាមនៅក្នុងតំបន់នោះផងដែរ ហើយសម្រាប់រយៈពេលដែលជាការកំណត់ តំបន់ក្រហមនេះ បានប៉ះចំថ្ងៃមួយចំនួននៃពិធីកាន់បិណ្ឌនេះដែរ ព្រោះពិធីកាន់បិណ្ឌប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ដូច្នេះដើម្បីអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត និងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហមន៍ផងនោះ គ្រប់វត្តអារាមទាំងអស់ដែលស្ថិតនៅក្នុងតំបន់ក្រហមនោះ គឺមិនអនុញ្ញាឲ្យប្រារព្ធពិធីកាន់បិណ្ឌតាមបែបទំនៀមទម្លាប់ឡើយ ប៉ុន្តែអាចរៀបចំបានជាលក្ខណៈបង្រ្គប់កិច្ច ដោយគ្រាន់តែឲ្យយាយជីតាជីប្រចាំវត្ត រៀបចំជាចង្ហាន់សម្រាប់ប្រគេនលោក។

 

សរុបវត្តនៅតំបន់ក្រហម មានចំនួន ១៩ វត្ត សង្កាត់ស្វាយដង្គំ មាន ៥ វត្ត សង្កាត់ស្លក្រាម ៥ វត្ត សង្កាត់ជ្រាវ មាន ១ វត្ត និងសង្កាត់គោកចក ៨វត្ត។

 

យ៉ាងណានៅថ្ងៃទី ២៣ ស្អែកនេះ នឹងមានការប្រជុំធ្វើការវាយតម្លៃ នៅភូមិសាស្ត្រដែលបិទខ្ទប់ ថាតើសម្រេចបន្ត ឬលើកលែងការដាក់ជាតំបន់ក្រហម។

 

លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប បានមានប្រសាសន៍បន្ថែមថា ដោយឡែកសម្រាប់វត្តផ្សេងៗទៀត មានការរៀបចំពិធីធម្មតា ក្នុងអំឡុងពេលនៃការប្រារព្ធពិធីកាន់បិណ្ឌតាមបែបទំនៀមទម្លាប់ តែត្រូវអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ។

 

ប្រសិនបើមិនគោរពតាមទេនោះ ពិធីនេះនឹងត្រូវបញ្ឈប់ភ្លាម ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ សូមមានការយោគយល់ និង ចូលរួមទាំងអស់គ្នា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហមន៍របស់យើង។

 

រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី ១៧ ខែកញ្ញាបាន សម្រេចកំណត់ជាតំបន់ក្រហម ក្នុងភូមិសាស្ត្រសង្កាត់ និង ភូមិមួយចំនួន ក្នុងក្រុងសៀមរាប ជាបណ្តោះ អាសន្ន សម្រាប់រយៈពេល ១ សប្តាហ៍ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រួមមាន៖ ភូមិសាស្រ្តសង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ ភូមិតាវៀន ក្នុងសង្កាត់សាលាកំរើក និង ភូមិព្រៃធំ ភូមិស្រង៉ែ ក្នុងសង្កាត់ស្រង៉ែ ក្នុងគោលបំណង គឺដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រកំណត់ជាតំបន់ក្រហម គឺទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាល​ដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *