(សៀមរាប)៖ ស្នងការថ្មីនៃស្នងការរដ្ឋានខេត្តសៀមរាប បានប្រកាសចូលកាន់មុខតំណែងថ្មី នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ខណៈដែលស្នងការបច្ចុប្បន្នដល់អាយុត្រូវចូលនិវត្តន៍ហើយ ពិធីនេះ បានប្រព្រឹត្តិទៅក្រោមវត្តមានចូលរួមពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិតំណាងដ៍ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងមន្ត្រីរាជការជុំវិញខេត្តជាច្រើននាក់។
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានជឿជាក់យ៉ាងមោះមុតថា ក្នុងកម្មវិធីប្រកាសតែងតាំងនៅថ្ងៃនេះ យើងអាចថែរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ស្ថេរភាព នយោបាយនៃខេត្តសៀមរាបទាំងមូលឲ្យបានល្អប្រសើរថែមទៀត។ ក្នុងនោះឯកឧត្តម ក៏បានកោតសរសើរចំពោះលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង អតីតស្នងការ ដែលត្រូវបានឱ្យចូលនិវត្តន៍នេះ កន្លងមកលោក បានលះបង់យ៉ាងច្រើនទាំងកម្លាំងកាយ កម្លាំងចិត្ត មិនថាយប់ឬថ្ងៃឡើយ ដើម្បីការពារនៅផលប្រយោជន៏រួមរបស់ជាតិ នឹងអនុវត្តកិច្ចការងាររបស់ខេត្តសៀមរាប ជាពិសេស គឺការគ្រប់គ្រងកងកម្លាំងនៅស្នងការ និងអធិការនៅតាមបណ្តាស្រុកទាំង១២ បានយ៉ាងល្អ ព្រមទាំងការបម្រើសេវាកម្មជូនប្រជាពលរដ្ឋបានទាន់ពេលវេលាទៀតផង។ ឯកឧត្ត បានបង្ហាញទៀតថា សម្រាប់ខេត្តសៀមរាបយើងនេះ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងតែជួបប្រទះនៅផលវិបាកផ្សេងៗដែលបណ្តាលមកវិបត្តិកូវិដ.១៩ បច្ចុប្បន្ន បញ្ហាវិរុសបំប្លែងខ្លួនថ្មី (ដែលតា) គឺមានអ្នកឆ្លងប្រមាណជាង២០០នាក់ហើយ ទើបរដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទខ្ទប់ក្រុងសៀមរាប ចំនួនមួយសប្ដាហ៍ ក្នុងបំណងដើម្បីកាត់ផ្ដាច់ខ្សែចម្លង ជម្ងឺកូវីដ -១៩ ក្នុងសហគមន៍ ខណៈដែលបច្ចុប្បន្នតួលេខអ្នកឆ្លងក្នុងក្រុងហាក់មានសន្ទុះកើនឡើងជាបន្តបន្ទាប់។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិតំណាងដ៍ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៏ ជម្រុញឲ្យស្នងការឡើងកាន់មុខតំណែងថ្មី នាពេលនេះ ដែលបានឡើងសច្ចានឹងសន្យាការងារថា យើងត្រូវតែធ្វើឲ្យបានល្អនោះ បើយើងសន្យាហើយដាច់ខាតយើងត្រូវតែធ្វើឲ្យបាន មិនមែនសន្យាចោលឡើយ ហើយបើយើងចង់ឲ្យខេត្តសៀមរាបទទួលបានជោគជ័យទាល់តែយើងទាំងអស់គ្នារួមរួមសាមគ្គីគ្នា ទើបសម្រេចបានលទ្ធផលល្អប្រសើរ ជាចម្បងជានេះទៅទៀតនោះ គឺការអនុវត្តនៅភូមិឃុំមានសុវត្ថិភាព។ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានបន្តថា ការសន្យាចិត្ត ការផ្តាច់ជ្ញាចិត្ត គឺជាទ្រឹស្តី ប៉ុន្តែសំខាន់ចាប់ពីពេលនេះទៅយើងត្រូវអនុវត្តជាក់ស្តែង យើងជាបញ្ជាការជាន់ខ្ពស់សម្រាប់ខេត្តសៀមរាប យើងត្រូវចាត់ចែងគ្រប់វិស័យពាក់ព័ន្ធនិងសន្តិសុខសណ្តាប់ធ្នាប់ យើងត្រូវសហការណ៏ជាមួយកម្លាំងសេនាធិការកងរាជអវុធហត្ថ និងកងកម្លាំងទាហាននៅខេត្តដើម្បីធ្វើការទាំងអស់នោះ បើចង់ជោគជ័យយើងមិនអាចធ្វើការម្នាក់ឯងបានឡើយ។
គួររំលឹកថា ស្នងការថ្មីនៃស្នងការនគរបាលខេត្តសៀមរាប គឺលោកឧត្តមសេនីយ៍ត្រី តេង ចន័្ទណាត ដែលអតីតជាស្នងការរងទទួលដឹកនាំការិយាល័យនគបាលចរាចរណ៍ផ្លូវគោក- ផ្លូវទឹក ឱ្យជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ដែលត្រូវបានឱ្យចូលនិវត្តន៍។ ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី តូច សកល ទទួលផែនធនធានមនុស្សនឹងប្តូរទៅកាន់ផែនការងារគ្រប់គ្រង អាវុធ គ្រឿងផ្ទុះ និងអគ្គិភ័យ ហើយលោកវរសេនីយ៍ឯក អៀង មករា ជានាយការិយាល័យបុគ្គលិកឡើងជាស្នងការរងទទួលផែនធនធានមនុស្សវិញ៕ ដោយ ស៊ាន សុផាត