(ខេត្តកណ្ដាល)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គម និងបណ្តាញសារព័ត៌មាន ឲ្យបានជ្រាបថា ថ្មីៗនេះមានជនអនាមិកមួយចំនួនបានបង្កើតគណនីហ្វេសបុកក្លែងបន្លំ ហើយបានដាក់ឈ្មោះគណនីទាំងនោះ ថា «ស្នងការដ្ឋាននគរបាលខត្តកណ្តាល» ដើម្បីចេតនាក្នុងអំពើទុច្ចរិតណាមួយ។
សូមបញ្ជាក់ជូនថា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានផេកហ្វេសបុកផ្លូវការតែមួយគត់គឺឈ្មោះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល-Commissariat Of Kandal Province រហូតមកដល់ពេលនេះមានអ្នក Like Page 312.434 Likes ។ ក្រៅពីនេះសូមច្រានចោលទាំងស្រុងចំពោះគណនីផ្សេងៗដែលបង្កើតដាក់ឈ្មោះថា ស្នងការដ្ឋានគរបាលខេត្តកណ្តាល ជាគណនីហ្វេសបុកក្លែងបន្លំ។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមអំពាវនាវដល់អ្នកពាក់ព័ន្ធដែលបានបង្កើតគណនីហ្វេសបុកដាក់ឈ្មោះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ប្រញាប់លុបចោលជាបន្ទាន់ បើមិនដូច្នេះទេ សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវយកជនដែលពាក់ព័ន្ធមកចាត់ការតាមនីតិវិធីច្បាប់។
អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រឡំ៕