(ព្រះវិហារ)៖ នៅថ្ងៃទី/ ២៥ /ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៨ និង ០០ នាទី កម្លាំងសមត្ថកិច្ចបរិស្ថាន ដឹកនាំដោយលោក ភី ដោយមានការសម្របសម្រួលពីព្រះរាជអជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានចុះធ្វើការបង្រ្កាបរថយន្តកែច្នៃដឹកជញ្ជួន ផលអនុផលព្រៃឈើខុសច្បាប់មួយគ្រឿង ចាប់បានឈើចំនួន ០៣ម៉ែត្រគូបជាង នេះបើតាមសម្តីរបស់លោក ភី ។ កាបង្រ្កាបនេះធ្វើឡើងនៅចំនុច ភូមិជីអោក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ។
យោងតាមប្រភពបានអោយដឹងថា រថយន្តកែច្នៃដែលដឹកជញ្ជួន ផលអនុផលព្រៃឈើ នោះ គឺ ដឹកឈើបានប្រហែលចាប់ពី ០៦ ទៅ ០៧ម៉ែត្រគូប ឯណោះ ។ ហើយម្ចាស់រថយន្ត និង ឈើ ត្រូវបានគេស្គាល់ឈ្មោះថា ណៃ គន់ និង ប្តី ឈ្មោះ បញ្ញា រល់នៅ ភូមិតាឡែក ឃុំអណ្តាស់ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។ ប្រភពបានបន្ថែមទៀតថាបុគ្គល់ពីរនាក់ ប្តី ប្រពន្ធ រូបនេះគឺបានធ្វើសកម្មភាពដឹកជញ្ជួនឈើខុសច្បាប់ជារៀងរាល់យប់ ដោយមិនខ្លាចញញើតនិងច្បាប់់ឡើយ។ ហើយឈើដែលពួកគាត់ដឹកមកនោះ ប្រភពចេញពី ភូមិពើគ ភូមិស្រែវាល និង ភូមិភ្ញាក់រលឹក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ដឹកឆ្ពោះទៅកាន់ខេត្តកំពង់ធំ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៦២ មិនដែលឃើញមានសមត្ថកិច្ចណាហ៊ានបង្រ្កាបឡើយ ពេលកន្លងមក ។
ហើយការចុះបង្រ្កាបនេះដែរធ្វើឡើងដូចជាមានអថ៌កំបាំងខ្លះៗ ព្រោះថាកម្លាំងសមត្ថកិច្ចបរិស្ថានចុះដល់ទីតាំងឈើ តាំងពីម៉ោង ០៨ ព្រឹក ដោយបានបិទទ្វារបងយ៉ាងជិត ។ មហាជនមានការសង្ស័យថា សមត្ថកិច្ចកំពុងតែសំងំចរចារឿងអ្វីមួយទេដឹង…? រហូតដល់ម៉ោង ១០ និង ៤០ នាទី ទើបឃើញកម្លាំងបើកទ្វារបងវិញ ហើយបើករថយន្តដឹកឈើនោះចេញមក ហើយឃើញមានឈើតែកន្លះរថយន្តតែប៉ុណ្ណោះ ។ ដែលទង្វើរបែបនេះធ្វើអោយមហាជនមានចម្ងល់ជាខ្លាំង ព្រោះថា ពេលរថយន្តនោះដឹកឈើចូលគេឃើញមានឈើពេញរថយន្ត ប៉ុន្តែក្រោយបង្រ្កាបស្រាប់តែឃើញឈើតែកន្លះរថយន្តទៅវិញ ឆ្ងល់ថាតើបាត់ឈើពាក់កណ្តាលទៀតទៅឯណា……?
ប្រជាពលរដ្ឋមានការខកចិត្តជាខ្លាំងពីការបង្រ្កាបមួយនេះ ព្រោះថារថយន្តដឹកឈើយ៉ាងពេញ ដល់ពេលបង្រ្កាបបាន ឃើញឈើតែកន្លះរថយន្តទៅវិញ ។ ហើយសួរថាតើសមត្ថកិច្ចចូលទៅសំងំជាមួយរថយន្តដឹកឈើក្នុងរបងនោះ អស់រយះពេលជាង ០២ ម៉ោង តើសំងំធ្វើអ្វីដែរ……? មួយវិញទៀតរថយន្តនោះធ្វើសកម្មភាពដឹកជញ្ជួនឈើជារៀងរាល់យប់ ហើយរាប់ខែ រាប់ឆ្នាំមកហើយ ហេតុអ្វីមិនដែលឃើញមានការបង្រ្កាប…… ? ។
ប្រជាពលរដ្ឋខ្លះបាននិយាយថា កាបង្រ្កាបមួយនេះ គឺមន្រ្តីបរិស្ថានបង្រ្កាបដោយមានការទើសទាល់បំផុត តែដោយសារ ជាកាបញ្ជាផ្ទាល់ របស់លោកព្រះរាជអជ្ញារងតែប៉ុណ្ណោះ ទើបកម្លាំងបរិស្ថានចុះមកបង្រ្កាបទាំងបង្ខំចិត្ត ។
ប្រជាពលរដ្ឋសូមណូមពរដល់ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណះអភិបាលខេត្តព្រះវិហារ សូមឯកឧត្តមមេត្តាជូយពិនិត្យមើលមន្រ្តីគ្រាប់ល្ពៅក្រោមឱវ៉ាតផង បើនៅតែបណ្តោយរបៀបនេះ ព្រៃឈើប្រាកដជារលាយអស់ជាក់ជាមិនខានឡើយ ។ ជាពិសេស ឯកឧត្តម សាយ សំអាល រដ្ឋមន្រ្តីក្រសួងបរិស្ថាន សូមឯកឧត្តម មេត្តាជូយពិនិត្យមើលមន្រ្តីក្រោមឱវ៉ាតផង ដើម្បីជាក្តីសង្ឃឹមដល់ប្រជាពលរដ្ឋដែលស្រលាញ់ធនធានធម្មជាតិ ៕