(ខេត្តសៀមរាប)÷ ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត លោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរង ជាជំនួយការដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងដោយមានការសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំង ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ កែរ ណាលុច ហៅបារាំង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ បើកឡានដឹកគ្រឿងសំណង់ បច្ចុប្បន្ន រស់នៅភូមិវិហារចិន សង្កាត់ ស្វាយដង្គំក្រុង. ខេត្តសៀមរាប ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស ( គាស់ទំលុះទំលាយ ) កាលពីវេលាម៉ោង ០២:៣០នាទី យប់ឈានចូលថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចហាងលក់កុំព្យូទ័រ ស្ថិតភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង. ខេត្តសៀមរាប ។
+ ដំណើរឿង: នៅវេលាម៉ោង ០២:៣០នាទី យប់ឈានចូលថ្ងៃទី ១១.០៨.២០២១ មានករណី អំពើលួចមានស្ថានទម្ងន់ទោស ( គាស់ទំលុះទំលាយ ) បង្ករឡើងដោយជនសង្ស័យ មិនស្គាល់អត្ត សញ្ញាណ បានធ្វើសកម្មភាព ឡើងលើដំបូលផ្ទះ គាស់ស័ង្កសី ចូលក្នុងហាងលក់កុំព្យូទ័រ របស់ជនរងគ្រោះ លួចយក computer MacBook Pro ០១គ្រឿង MacBook Air ០១គ្រឿង iPad 11 ០១គ្រឿង iPad Air 4 ០១គ្រឿង iPad 8th ០១គ្រឿង iPad Pro 2020 ០១គ្រឿង កាបូប ស្ពាយ ០១ និងឯកសារ មួយចំនួន ក្រោយពេលធ្វើ សកម្មភាពហើយ ជនសង្ស័យ បានគេចខ្លួនបាត់ ។
– ក្រោយពេលកើតហេតុ នៅថ្ងៃទី ១២. ០៨. ២០២១ លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង បានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ កែរ ណាលុច ត្រង់ចំណុច ហាងជួសជុលទូរស័ព្ទ ០១កន្លែងក្នុងភូមិវិហារចិន ដោយជនសង្ស័យ បានយក iPad របស់ជនរងគ្រោះទៅបិតស្គ្រីន យើងក៏បាននាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ ។
– ក្រោយពេលសាកសួរ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន ។
– ដកហូតវត្ថុតាង: computer និង iPad ដែលជារបស់ជនរងគ្រោះ ។
– លទ្ធផល ធ្វើតេស្ត Covid-19 អវិជ្ជមាន ។
ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ រៀបចំនីតិវិធី បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ។ដោយ សុី