(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី០១ខែកក្កដា ឆ្នាំ២០២១នេះ នៅសាលាខេត្តកំពង់ឆ្នាំង មានរៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តកំពង់ឆ្នាំងថ្មី ។
ក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។
ក្នុងនោះលោក ស៊ុន សុវណ្ណារិទ្ធ ត្រូវបានប្រកាស់តែងតាំងជាអភិបាលខេត្តកំពង់ឆ្នាំង។
ខណៈលោក នៃ ចារី អតីតអភិបាលរងខេត្តកណ្តាល ត្រូវបានប្រកាសចូលកាន់មុខតំណែងជា អភិបាលរង ខេត្តកំពង់ឆ្នាំងផងដែរ។
យោងព្រះរាជក្រឹត្យ នស/រកត/០៦២១/៤៩៣ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រហស្តលេខា ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ។
បានតែងតាំងលោក ស៊ុន សុវណ្ណារិទ្ធិ ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាល នៃគណៈអភិបាលខេត្ត កំពង់ឆ្នាំង។
ព្រះរាជក្រឹត្យ នស/រកត/០៦២១/៤៩២ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រហស្តលេខា ថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២១ តែងតាំងមុខតំណែងលោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង ជាអនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ៕ សុវណ្ណារាជ