សហគមន៏ទេសចរណ៏ធម្មជាតិកំពង់ឃ្លាំង ខេត្តសៀមរាប ដាំកូនត្នោត ចំនួន៤០០ដើម បវរកញ្ញាភពផែនដីអន្តរជាតិ ៣៥ប្រទេស មកចូលរួមពិធីដាំ

ចេញផ្សាយ៖ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦

សៀមរាប៖ លោក ង៉ូវ សេងកាក់ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី ១០ ខែមិនា ឆ្នាំ២០២៦ បានចូលរួមក្នុងពិធីដាំកូនដើមត្នោតចំនួន ៤០០ដើម នៅសហគមន៏ទេសចរណ៏ធម្មជាតិកំពង់ឃ្លាំង ក្នុងពិធីនោះ មានការចូលរួមពីឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៏កម្ពុជា លោក គិមវណ្ណៈ អភិបាលស្រុកសូទ្រនិគម លោកស្រី Halley Amin ប្រធានស្ថាប័ន Miss Planet International មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងប្រតិភូ បវរកញ្ញាភពផែនដីអន្តរជាតិ ៣៤ប្រទេស ឆ្នាំ ២០២៦

លោកអភិបាលរងខេត្ត មានមតិសំណេះសំណាល និងពីកម្មវិធីដាំដើមត្នោត គឺជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការចូលរួមលើកកម្ពស់ការអភិរក្សបរិស្ថាន ការបង្កើនភាពបៃតងនិងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។ ជាពិសេស ការដាំដើមត្នោតនៅថ្ងៃនេះ មិនត្រឹមតែជាការរួមចំណែកក្នុងការថែរក្សាធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរក្សាអត្តសញ្ញាណវប្បធម៌ជាតិរបស់យើងផងដែរ ព្រោះដើមត្នោតត្រូវបានចាត់ទុកថាជារុក្ខជាតិដ៏មានតម្លៃ និងជាសញ្ញាបង្ហាញពីអត្តសញ្ញាណរបស់ប្រទេសកម្ពុជា។

ក្នុងឱកាសនេះផងដែរ សមាគមទេសចរណ៍កម្ពុជា (CATA) បានសហការជាមួយ ស្ថាប័ន Miss Planet International និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះឡើង។ កិច្ចសហការរវាងវិស័យឯកជន អង្គការអន្តរជាតិ និងអាជ្ញាធរមូលដ្ឋានបែបនេះ គឺជាកត្តាសំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងការអភិរក្សបរិស្ថានឱ្យកាន់តែមានប្រសិទ្ធភាព។

ជាពិសេស ប្រតិភូបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៦ លើកទី៤ ដែលមានបេក្ខនារីមកពីប្រមាណ ៣៥ប្រទេសជុំវិញពិភពលោកបានអញ្ជើញមកទស្សនកិច្ចនៅសហគមន៍ទេសចរណ៍កំពង់ឃ្លាំង ក្នុងគោលបំណងស្វែងយល់អំពីរបៀបរស់នៅ វប្បធម៌ ប្រពៃណីនិងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ការចូលរួមរបស់ប្រតិភូអន្តរជាតិនេះ ក៏ជាឱកាសដ៏ល្អមួយក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ធម្មជាតិ និងវប្បធម៌របស់ខេត្តសៀមរាប ទៅកាន់សហគមន៍អន្តរជាតិ និងពិភពលោកផងដែរ។

ខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ដែលមានទាំងបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ និងធនធានធម្មជាតិដ៏សម្បូរបែប។ ដូច្នេះ ការអភិវឌ្ឍទេសចរណ៍បៃតង និងទេសចរណ៍សហគមន៍ គឺជាទិសដៅដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងការកែលម្អជីវភាពរបស់ប្រជាពលរដ្ឋ។

ក្នុងនាមរដ្ឋបាលខេត្តសៀមរាប លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមទេសចរណ៍កម្ពុជាប្រតិភូ Miss Planet International អាជ្ញាធរខេត្ត អាជ្ញាធរស្រុកសូទ្រនិគម អាជ្ញាធរឃុំ និងសហគមន៍ទេសចរណ៍កំពង់ឃ្លាំងព្រមទាំងស្ថាប័ន និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំ និងគាំទ្រកម្មវិធីនេះឱ្យប្រព្រឹត្តទៅដោយជោគជ័យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *