អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើង០៣នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ០២ករណីផ្សេងគ្នា

ចេញផ្សាយ៖ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦

ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្មេងទំនើង ០៣នាក់ទៅតុលាការ នៅព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ០២ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានកម្លាំងតាមបណ្ដាមូលដ្ឋានអាវុធហត្ថខណ្ឌ បង្ក្រាបបានជាបន្តបន្ទាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។

ការបង្រ្កាបករណីទាំង០២រួមមាន ៖កាលពីវេលាម៉ោង ២៣ និង៤០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើង ០១ក្រុម ប្រដាប់ដោយដាវ កាំបិតប៉័ងតោ ដុំថ្ម និងមួកសុវត្ថិភាព បានធ្វើសកម្មភាពកាប់ វាយ និង គប់ ទៅលើក្រុមជនរងគ្រោះ បណ្តាលឲ្យរងរបួសស្នាម និងរងការខូចខាត នៅចំណុច ក្បែរវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ភូមិ៣ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វា ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវជាបន្តបន្ទាប់រហូតដល់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅវេលាម៉ោងប្រមាណ ២០ និង ៥៨ នាទីឈានដល់ការឃាត់ខ្លួនបានក្មេងទំនើង០១នាក់ មាន ឈ្មោះ ផាន ភី ហៅ ឆាយ ម៉ាប់PB ភេទប្រុស អាយុ១៩ឆ្នាំ បញ្ជូនទៅការិយាល័យជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

កាលពីវេលាម៉ោងប្រមាណ ០៣និង៣០នាទី ទៀបភ្លឺ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើង០១ក្រុម ប្រដាប់ដោយដាវ កាំបិតប៉័ងតោ ដុំថ្ម និងមួកសុវត្ថិភាព បានធ្វើសកម្មភាពកាប់ វាយ និង គប់ទៅលើម៉ូតូ០២គ្រឿង របស់ជនរងគ្រោះ បណ្តាលឲ្យដួល រួចជនសង្ស័យ បានយក ដាវ កាំបិត និងដំបង មកកាប់ និងវាយ ទៅលើជនរងគ្រោះបណ្តាលឲ្យរងបួសស្មា ខ្នងដៃ និងជើង យ៉ាងធ្ងន់ធ្ងរ ហើយក៏បន្ត វាយ កាប់ និងលួចយកស្លាកលេខម៉ូតូ របស់ ជនរងគ្រោះ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ នៅចំណុច ផ្លូវបេតុង ក្បែរវត្តសែន សុខ ភូមិសែនសុខ១ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌសែនសុខ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវជាបន្តបន្ទាប់រហូតដល់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ នៅវេលាម៉ោងប្រមាណ ០៩និង៣០នាទី បានធ្វើការចាប់ខ្លួនជនសង្ស័យ ០២នាក់ ឈ្មោះ សុខសែម ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ រ៉េត ម៉ុង ហេង ភេទប្រុស អាយុ១៦ឆ្នាំ បញ្ជូនទៅការិយាល័យជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ដោយ៖លុចណាម

You might like

Leave a Reply

Your email address will not be published. Required fields are marked *