ចេញផ្សាយ៖ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា នៅព្រឹកថ្ងៃទី០៧ ខែមីនាឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិកាក្រុមប្រឹក្សាខេត្តថ្នាក់ដឹកនាំ និងតំណាងមន្ទីរ–អង្គភាពជុំវិញខេត្តសរុបជាង ៣០០នាក់។
ថ្លែងក្នុងឱកាសនោះ លោកស្រី ម៉ននី រង្សី បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលនៅតែបន្តកំណត់យកការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រីនៅគ្រប់វិស័យជាអាទិភាពចម្បង។
លោកស្រីបានលើកឡើងថា ប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ» សម្រាប់ឆ្នាំ២០២៦នេះ គឺជាការរំលឹកដល់គ្រប់មជ្ឈដ្ឋានថា បើគ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍ ហើយបើគ្មានសន្តិសុខក្នុងគ្រួសារ ស្ត្រីក៏មិនអាចបញ្ចេញសក្ដានុពលបានពេញលេញនោះដែរ។
លោកស្រីអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា សន្តិភាពមិនមែនមានន័យត្រឹមតែការអវត្តមាននៃសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែវារួមបញ្ចូលទាំងសន្តិសុខ សុវត្ថិភាពពីការរំលោភបំពាន និងភាពសុខដុមរមនាក្នុងគ្រួសារ។ ជាមួយគ្នានេះ ស្ត្រីគឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាព និងសន្តិសុខ ទាំងក្នុងកម្រិតគ្រួសារ និងសង្គមជាតិទាំងមូល។
លោកស្រីក៏បានរំលឹកដោយដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ «វីរភាពស្ត្រីកម្ពុជា» ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ជាពិសេសក្នុងអំឡុងពេលជម្លោះព្រំដែនកាលពីពេលកន្លងទៅ ដែលក្នុងនោះស្ត្រីបានដើរតួនាទីជាវីរៈកងទ័ពនិងនគរបាលការពារព្រំដែន ឈរជើងយ៉ាងរឹងមាំនៅសមរភូមិមុខ។ ស្ត្រីក៏បានផ្តល់សេវាសាធារណៈ និងជួយសង្គ្រោះយុទ្ធជនជាពិសេសការចូលរួមរៀបចំស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ផ្គត់ផ្គង់ដល់កងទ័ព និងប្រជាជនភៀសសឹក។
លោកស្រីថា ពិធីអបអរសាទរនេះ មិនត្រឹមតែជាការរំលឹកពីប្រវត្តិសមរភូមិតស៊ូទាមទារសិទ្ធិសេរីភាពរបស់ស្ត្រីលើសកលលោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសសម្រាប់ឆ្លុះបញ្ចាំងពីវឌ្ឍនភាព បញ្ហាប្រឈម និងការដាក់ចេញនូវវិធានការវិជ្ជមាននានា ដើម្បីបន្តជំរុញភាពអង់អាចរបស់ស្ត្រីក្នុងសង្គមទំនើប។
លោកស្រី ម៉ននី រង្សី ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ចែកជូនដល់អ្នកចូលរួមទាំងជាង ៣០០នាក់ ដោយក្នុងម្នាក់ៗទទួលបានសំពត់ស៊ឹងខ្មែរចំនួន១ និងថវិកាចំនួន ១០ម៉ឺនរៀល ដើម្បីជាការលើកទឹកចិត្តនិងអបអរសាទរក្នុងទិវាដ៏មានអត្ថន័យនេះ៕ដោយ៖លុច ណាម

