ចេញផ្សាយ៖ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦
សៀមរាប៖ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំលើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាសមាគម និងគណៈកម្មាធិការប្រតិបត្តិប្រចាំឆ្នាំ២០២៥ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក សុខថុល អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តដោយមានការចូលរួមពីសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងសមាជិកក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់ សរុបប្រមាណ ២០០នាក់។
លោក គៀង សេងគី អនុប្រធានអចិន្ត្រៃយ៍សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានស្នើឱ្យសមាគមធ្វើវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ដើម្បីឱ្យមានសង្គតិភាពជាមួយថ្នាក់ជាតិ។ លោកក៏បានជំរុញឱ្យមានការតែងតាំងប្រធានកិត្តិយស និងបង្កើតក្រុមទីប្រឹក្សាបច្ចេកទេសឱ្យបានឆាប់ ដើម្បីគាំទ្រការផ្តល់សេវាជូនសមាជិកឱ្យកាន់តែមានប្រសិទ្ធភាព។
លោក សុខ ថុល អភិបាលរងខេត្ត បានសង្កត់ធ្ងន់លើចំណុចគន្លឹះចំនួន៣ រួមមាន៖ ការបន្តជំរុញគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព, ការពង្រឹងកិច្ចសហការរវាងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងក្រុង–ស្រុក និងការរៀបចំផែនការថវិកា និងការទូទាត់ចំណាយឱ្យបានច្បាស់លាស់តាមលេខកូដគណនី ដើម្បីជៀសវាងកំហុសបច្ចេកទេសដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះសមាគម។
សូមជម្រាបថា អង្គប្រជុំបានពិនិត្យ និងអនុម័តលើរបាយការណ៍សំខាន់ៗ រួមមាន៖ របាយការណ៍សកម្មភាព និងថវិកាឆ្នាំ២០២៥ និងផែនការឆ្នាំ២០២៦ ការកែសម្រួលលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងសមាគម និងការអនុវត្តចំណូល–ចំណាយ នៃកម្មវិធីមរណៈសង្គ្រោះនិងទិសដៅបន្ត។
ឯកឧត្តម លី សំរិទ្ធ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសមាគម ដែលបានសម្រេចសមិទ្ធផលជាច្រើនដូចជាការបណ្តុះបណ្តាល និងការបង្កើតវេទិកាពង្រឹងតួនាទីភារកិច្ច។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាបនឹងបន្តគាំទ្រជានិច្ចដល់បេសកកម្មរបស់សមាគម ដើម្បីប្រែក្លាយក្រុមប្រឹក្សាមូលដ្ឋានឱ្យទៅជាស្ថាប័នតំណាងពលរដ្ឋពិតប្រាកដ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋស្របតាមកម្មវិធីជាតិដំណាក់កាលទី២ (២០២១–២០៣០)៕ដោយ៖លុចណាម

