អាជ្ញាធរខេត្តសៀមរាប ជំរុញក្រុមហ៊ុនសិប្បករអង្គរ ផ្ដល់អាទិភាពខ្ពស់លើការបណ្តុះបណ្តាល និងប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក

ចេញផ្សាយ៖ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦

សៀមរាប៖ ក្នុងឱកាសអបអរសាទរពិធីបើកការដ្ឋានសាងសង់អគារមហោស្រពសិប្បករអង្គរ (Artisans Angkor) តម្លៃជាង៥លានដុល្លារអាមេរិក នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អាជ្ញាធរខេត្តសៀមរាប បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងបានស្នើឱ្យក្រុមហ៊ុនបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងវិស័យទេសចរណ៍ក្នុងខេត្ត។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ក្រុមហ៊ុនសិប្បករអង្គរ គួរតែបន្តផ្តល់អាទិភាពចម្បងក្នុងការជ្រើសរើសកម្លាំងពលកម្ម និងការបណ្តុះបណ្តាលជំនាញដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបផ្ទាល់។ លោកបានបញ្ជាក់ថាយើងចង់ឃើញ

បងប្អូនប្រជាពលរដ្ឋនៅទីនេះទទួលបានការបណ្តុះបណ្តាល និងមានការងារធ្វើមុនគេ សិនចាំយើងពិចារណាជ្រើសរើសកម្លាំងពលកម្មពីខេត្តផ្សេងៗតាមក្រោយ។

លោក ង៉ូវ សេងកាក់ មានប្រសាសន៍បន្តថា អគារមហោស្រពថ្មីនេះ មិនមែនគ្រាន់តែជាសំណង់អគារធម្មតានោះទេ ប៉ុន្តែគឺជាបង្អួចដែលឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរទៅកាន់ពិភពលោក តាមរយៈការរួមបញ្ចូលគ្នារវាងសិល្បៈប្រពៃណី និងបច្ចេកវិទ្យាទំនើប ការផ្តល់ឱកាសដល់ស្ថាបត្យករ វិស្វករ ជាងសំណង់ រហូតដល់សិល្បករ អ្នកបច្ចេកទេស និងបុគ្គលិកផ្នែកសេវាកម្ម។ ជាពិសេសអគារនេះ ជាកន្លែងសម្រាប់សិប្បករចម្លាក់ថ្ម ឈើ និងតម្បាញសូត្រ បង្ហាញ និងលក់ផលិតផលផ្ទាល់ជូនភ្ញៀវទេសចរផងដែរ។

លោក កាយ លូត ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនសិប្បករអង្គរ បានឱ្យដឹងថា គម្រោងនេះគឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន សិប្បករអង្គរ និងក្រុមហ៊ុន អ៊ុមមើស៊ីវអង្គរ (Immersive Angkor) ក្នុងទំហំទឹកប្រាក់ជាង ៥លានដុល្លារអាមេរិក។ មហោស្រពនេះមានកម្ពស់ ៣ជាន់ លើផ្ទៃដី ២០០ម៉ែត្រការ៉េ ដែលនឹងក្លាយជាពិភពទស្សនីយភាពបេតិកភណ្ឌដ៏អស្ចារ្យដោយប្រើបច្ចេកវិទ្យាសោតទស្សន៍ទំនើបបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីឱ្យអ្នកទស្សនាមានអារម្មណ៍ថាបានត្រឡប់ទៅកាន់សម័យកាលអាណាចក្រខ្មែរដ៏រុងរឿង។

លោក កាយ លូត បានឱ្យដឹងថា ក្នុងវ័យ ២៦ឆ្នាំនៃការប្រតិបត្តិការ ក្រុមហ៊ុនសិប្បករអង្គរបានក្លាយជាសសរស្តម្ភមួយក្នុងការអភិរក្សសិល្បៈខ្មែរ តាមរយៈកញ្ចប់ទេសចរណ៍ពិសេសថ្មីនេះ មហោស្រពសិប្បករអង្គរ រំពឹងថានឹងក្លាយជាគោលដៅទេសចរណ៍ថ្មីបំពេញបន្ថែមលើប្រាសាទបុរាណ និងតំបន់ធម្មជាតិ ដែលនឹងជួយពន្យារការស្នាក់នៅរបស់ភ្ញៀវទេសចរ និងជំរុញចរន្តសេដ្ឋកិច្ចក្នុងខេត្តសៀមរាបឱ្យកាន់តែរស់រវើកថែមទៀត៕

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ

កែសម្រួល៖ លោក អ៊ុន ណារាជ្យ

ទីភ្នាក់ងារសារព័ត៌មានកម្ពុជាខេត្តសៀមរាប

បច្ចេកទេសផ្សាយបន្ត៖ SRBREAkING NEWS

សារព័ត៌មានពន្លឺខ្មែរអមតៈ៚សារព័ត៌មានខេមេឌៀញូស

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *