សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យម្ចា​ស់​រោងម៉ាស៊ីនកិនស្រូវធំៗត្រូវមានឃ្លាំ​ងស្តុក និងឡសម្ងួត ដើម្បីធានាឲ្យមានគុណភាពស្រូវក្នុងស្រុក ស​ម្រា​ប់ការនាំចេញ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជំរុញឲ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវធំៗត្រូវមានឃ្លាំងស្តុក និងឡសម្ងួត ដើម្បីធានាឲ្យមានគុណភាពស្រូវក្នុងស្រុក សម្រាប់ការនាំចេញ។
ថ្លែងក្នុងពិធីចុះពិនិត្យវាយតម្លៃអំពីសកម្មភាពការងារបង្កបង្កើនផលស្រូវនិងជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករព្រមទាំងពិនិត្យស្ថានីយបូមទឹកស្ថិតក្នុងភូមិបានកាមឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វិស័យកសិកម្ម គឺសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជាតាំងពីសម័យដូនតាមកម៉្លេះប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេស៨០ភាគរយគឺជាអ្នកប្រកបរបរកសិកម្ម ។
សម្តេចតេជោបានបន្តថា ពេលនេះជាឱកាសល្អបំផុតក្នុងការជំរុញវិស័យកសិកម្មនៅទូទាំងប្រទេសអោយកាន់តែរីកចម្រើន។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានជំរុញឲ្យមានការអភិវឌ្ឍលើវិស័យកសិកម្ម រហូតរុញប្រទេសកម្ពុជាចេញពីប្រទេសខ្វះស្បៀងអាហារ ឆ្ពោះទៅបំពេញការហូបចុករបស់ប្រជាពលរដ្ឋគ្រប់គ្រាន់ និងសល់ស្រូវអង្កររាប់ម៉ឺនតោននាពេលបច្ចុប្បន្នផងដែរ។ ក្នុងពេលប្រទេសកម្ពុជាក៏ដូចជាពិភពលោកជួបនូវវិបត្តិនៃជំងឺកូវីដ១៩វិស័យកសិកម្មត្រូវបានរាជរដ្ឋាភិបាលកម្ពុជាមើលឃើញជាឱកាសដ៏សំខាន់មួយសម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចដោះស្រាយបញ្ហាអត់ការងាររបស់ប្រជាពលរដ្ឋនិងជួយដោះស្រាយការលំបាកក្នុងជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។ សម្តេចតេជោ ហ៊ុន សែនបានជំរុញឱ្យក្រសួងពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាឱ្យរួមគ្នាប្រែក្លាយបញ្ហាបង្កដោយជំងឺកូវីដ១៩នេះទៅជាឱកាសមួយសម្រាប់ការកែប្រែនិងអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាពិសេសការផលិតអង្ករដែលមានគុណភាពសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងការនំាចេញ។
សំឡេង៖«ជំរុញការវិនិយោគដោយធ្វើឃ្លាំងស្តុកធ្វើម៉ាស៊ីនកិនស្រូវធ្វើឡសម្ងួតដើម្បីលើកទឹកចិត្តឲ្យតម្លៃបន្ថែមនៅក្នុងប្រទេសរបស់យើងតែម្តងនៅពេលដែលយើងនាំចេញស្រូវបាត់ការងារធ្វើ បាត់កន្ទួក
បាត់ចុងអង្ករ របស់កសិករយើង បាត់តម្លៃច្រើនណាស់ ។ ចឹងបានជាឥលូវនេះយើងហៅក្រុមហ៊ុននានានៅក្រៅប្រទេស ផ្តល់ឱកាសឲ្យគេវិនិយោគ ហើយើងក៏បានរកទុនពីប្រទេសចិនប្រមាណ ៤០០លានដុល្លារអាមេរិក កំពុងតែពង្រាយធ្វើឃ្លាំង និងតំបន់ សម្រាប់ការប្រមូលទិញ ។បើយើងធ្វើដូចនេះបានតម្លៃស្រូវ យើងអាចធានាបានល្អជាង យើងម្ចាស់ការច្រើនជាង ព្រោះយើង ទិញខ្លួនឯង ។ចឹងបានជាយើងមានវិនិយោគបន្ថែមទៀត នៅលើចំណុចនេះដោយសារតែល្បឿន នៃការជំរុញផលិត ស្រូវ ដើរលឿនហួសទៅផុតពីការវិនិយោគសម្រាប់ការកែច្នៃ និងការនាំចេញ»៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *