ខេត្តព្រៃវែង៖ ទីតាំងល្បែងស៊ីសងដ៏ធំមួយកំពុងដំណើរការជាចំហនៅក្រោមគោលនយោបាយភូមិ–ឃុំមានសុវត្ថិភាព នៅខេត្តព្រៃវែង ដែលអំណាចគ្រប់គ្រងកម្លាំងនគរបាលដឹកនាំដោយលោកឈឿន ប៊ុនឆន ។ លោកឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង។ គេមិនដឹងថា តើលោកអធិការនគរបាលស្រុកព្រះស្ដេច បានដឹងអំពីល្បែងស៊ី សងដែលកំពុងដំណើរការ នៅក្រោមភ្នែករបស់ខ្លួនដែរឬទេ? តែបើលោកអធិការឆ្លើយថា មិនដឹង គួរតែខ្មាស់រាស្ត្រអ្នកជិះកង់,ជិះម៉ូតូកញ្ចាស់នៅក្បែរៗនោះវិញទៅ។
ប្រភពបានឲ្យដឹងថា ម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ នៅក្នុងរបងស័ង្កសីព័ណ៌ខៀវ១កន្លែងស្ថិតនៅភូមិកគោឃុំបន្ទាយចក្រីស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលកំពុងដំណើរការសព្វថ្ងៃនេះ បានគៀងគរពលរដ្ឋខ្មែរ និងជន ជាតិវៀតណាម ឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងល្បែងខុសច្បាប់ច្រើនប្រភេទផ្សេងៗទៀត យ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមិនហ៊ានបង្រ្កាប។ មិនហ៊ានបង្ក្រាប ឬមិនបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះ ក៏ព្រោះតែមានពាក់ព័ន្ធនឹងផលប្រយោជន៍នោះឯង។ ផលប្រយោជន៍ដែលបានពីវង់ល្បែងស៊ីសងមួយកន្លែងនេះគឺក្រាស់ ក្រែលខ្លាំងណាស់។
ប្រភពរាយការណ៍ថា បណ្ដាជនជាតិវៀតណាមដែលស្ពាយមាន់ចូលមកលេង ក្នុងទីតាំងខាងលើនេះត្រូវបង់ ប្រាក់ឲ្យសមត្ថកិច្ចដែលប្រចាំការនៅច្រកព្រំដែននោះផង។ សមត្ថកិច្ចដែលបើកច្រកបារាស់ព្រំដែន បានលុយពីជនជាតិវៀតណាមមួយជាន់ និងបានលុយពីម្ចាស់សង្វៀនមួយជាន់ទៀត។ ប្រជាពលរដ្ឋនិយាយថា បើផលប្រយោជន៍ធំយ៉ាងនេះ តើនរណាដាច់ចិត្ត ទៅវ៉ៃបំបែកឆ្នាំងបាយខ្លួនឯងទៅកើត? នេះគឺជាអ្វីដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានយល់ឃើញថា វាជារឿងផល ប្រយោជន៍របស់សមត្ថកិច្ចនៅក្នុងមូលដ្ឋានស្រុកព្រះស្ដេចហើយគេក៏ជឿដែរថាផលប្រយោជន៍ទាំងនោះមុខជាបានថ្វាយជូនមេៗថ្នាក់លើនោះ ជាមិនខាន។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ទីតាំងល្បែងជល់ មាន់ និងល្បែងខុសច្បាប់ផ្សេងៗទៀត នៅក្នុងទីតាំងខាង លើនៃស្រុកព្រះស្ដេច ខេត្តព្រៃវែង កំពុងបើកដំណើរការយ៉ាងពេញបន្ទុកដោយបើកលេងរាល់ថ្ងៃ តែគេមិនដែលឃើញមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះមកអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ។ ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខាងលើបាននិយាយថាបើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ ហើយម្ចាស់ទីតាំងមានខ្នងបង្អែករឹងមាំទេនោះ ម្ចាស់ទីតាំងល្បែងសុីសង ក៏មិនអាចបើកល្បែងជល់មាន់ និងល្បែងខុសច្បាប់គ្រប់ប្រភេទផ្សេងៗទៀតនៅស្រុកព្រះស្ដេច ខេត្តព្រៃវែងបានឡើយ។
ប្រភពបន្ថែមថា ក្តីកង្វល់ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាចជាខ្លាំងចំពោះសុខទុក្ខ និងសុវត្ថិភាពគ្រួសាររបស់ពួកគាត់ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះមិនយូរ,មិនឆាប់ទេ កើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជាចោរលួច,ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សាក្នុងគ្រួសារមិនខានឡើយ។ ប្រជាពលរដ្ឋសំណូមពរ លោកឧត្តមសេនីយ៍ទោឈឿន ប៊ុន ឆន ស្នងការនគរបាលខេត្តព្រៃវែង លោក សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ជាពិសេសនាយឧត្តម សេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជួយចាត់មន្ត្រីជំនាញពាក់ព័ន្ធ ក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្ក្រាប ទីតាំងល្បែងជល់មាន់ និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង៕លុចណាម