ខេត្តបាត់ដំបង ៖ តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅតំបន់នោះ បានឲ្យដឹងថាមានទីតាំងល្បែង បៀរ អាប៉ោង និងល្បែងធួរ ខុសច្បាប់ ទ្រង់ទ្រាយធំ មួយកន្លែង គ្រប់គ្រងដោយ បុគ្គល មានរហ័សនាម ត្នោតជ្រុំ ទីតាំងនេះ ស្ថិតនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបងខេត្តបាត់ដំបង ដោយក្រុមញៀនល្បែងគៀងគរឲ្យមកជួបជុំចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាស្ងៀមស្ងាត់ មិនហ៊ានបង្រ្កាប ប្រហែល ម្ចាស់បនល្បែងខ្នាតធំមួយនេះមានខ្នងបង្អែករឹងមាំនឹងមានឥទ្ធិពលទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្តមិនខ្វល់អ្វីឡើយ។
ប្រភពដដែលបានបន្តទៀតថាទីតាំងល្បែង បៀរ អាប៉ោង និងល្បែងធួរ ខុសច្បាប់ មួយកន្លែងនេះក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង កំពុងបើកដំណើរការយ៉ាងរលូន
ពោលគឺបើកលេងជារៀងរាល់ថ្ងៃតែម្តង តែគេមិនដែលឃើញខាងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ចុះអនុវត្ត ឬទប់ស្កាត់ និងបង្រ្កាបតាមអនុសាសន៍របស់សម្ដេចបវរធិបតីនោះឡើយធ្វើឲ្យប្រជាពលរដ្ឋ រងការរិះគន់ចំៗថា បើមិនមានការឃុបឃិតគ្នាជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ ម្ចាស់បនល្បែង និងបក្សពួក របស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង បៀរអាប៉ោង និងល្បែងធួរ ខុសច្បាប់ ទ្រង់ទ្រាយធំ នៅលើទឹកដីក្រុងបាត់ដំបង បានឡើយ។
មជ្ឈដ្ឋានខាងក្រៅ និងប្រជាពលរដ្ឋ រស់នៅក្នុងភូមិសាស្រ្តខាងលើ ដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន មួយចំនួន សម្ងំ ទទួលលាភសក្ការៈ និងផលប្រយោជន៍ខ្លះៗពីម្ចាស់បនល្បែងដុះស្លែ មួយកន្លែងខាងលើនេះហើយមើលទៅ បានគ្មានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានណាហ៊ានធ្វើការបង្រ្កាប ។
ប្រភពបានបន្ថែមថា៖ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភជាខ្លាំងពាក់ព័ន្ធជាមួយនឹងល្បែងស៊ីសងទាំងអស់នេះមានការជ្រុលជ្រួស និងការលេងល្បែងមាន់ជល់តាមប្រព័ន្ធអនឡាញ ពួកគាត់មានអារម្មណ៍ភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជាចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។
អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាបជុំវិញបញ្ហានេះ ។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសូមសំណូមពរដល់ ឯកឧត្តម សុខ លូ គណៈអភិបាលខេត្តបាត់ដំបងជាពិសេសលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៉ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ជួយចាត់កម្លាំង ជំនាញ ក្រោម ឱវាទ ចុះទប់ស្កាត់ និងបង្ក្រាបទីតាំងល្បែង បៀរ អាប៉ោង និងល្បែងធួរខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្រ្តខាងលើនេះផងទាន ដើម្បី ពង្រឹង សន្តិសុខ សង្គម ជូនដល់ប្រជាពលរដ្ឋ។
សូមរំលឹកថា៖កាលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤.នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញនូវបទបញ្ជាឲ្យលោក អភិបារាជធានី.ទាំង.២៥.ខេត្ត.ក្រុង.ត្រូវតែ ត្រួតពិនិត្យ និងបង្រ្កាបជាបន្ទាន់ ទៅលើទីតាំងល្បែងសុីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួន៕